ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ បង្កើត និងសម្ពោធកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់

ចែករំលែក៖

ភ្នំពេញ ថ្ងៃទី ២២ ឧសភា ២០១៨ ៖ ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ (ឬហៅថា ណាហ្គាវើលដ៍បេះដូងសប្បុរស) បានធ្វើសន្និសីទសារព័ត៌មានបើក “កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ” ដែលមានរយៈពេល ២ ឆ្នាំ ហើយគំនិតផ្តួចផ្តើមនេះ នឹងបណ្តុះបណ្តាលគ្រូកីឡាមកពី ៩៤ អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺ ។ កម្មវិធីនេះ មានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ។

បន្ទាប់ពីការបណ្តុះបណ្តាលរយៈពេល ៤ ថ្ងៃដែលនឹងផ្តល់ដោយក្លឹបបាល់ទាត់ណាហ្គាវើលដ៍នៅមន្ទីរអប់រំ យុវជន និងកីឡានៅទីរួមខេត្តកំពង់ស្ពឺពីថ្ងៃទី ២ ដល់ទី ៥ តុលា ២០១៨ គ្រូកីឡានៅក្នុងខេត្តនេះ នឹងទទួលបានវិញ្ញាបនបត្រ D-licence ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ គ្រូកីឡាទាំងអស់ នឹងទទួលបានពីណាហ្គាវើលដ៍នូវអាវកីឡា និងសម្ភារសម្រាប់ប្រើប្រាស់នៅក្នុងការហ្វឹកហ្វឺន មានដូចជា បាល់ទាត់ និងសម្ភារផ្សេងៗសម្រាប់ប្រើប្រាស់នៅតាមសាលារៀនរបស់ពួកគេផងដែរ ។

នៅក្នុងសុន្ទរកថាស្វាគមន៍ នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ណាហ្គាវើលដ៍ មានសេចក្តីសោមនស្សរីករាយក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការជួយគាំទ្រ និងអភិវឌ្ឍកីឡាបាល់ទាត់ក្នុងព្រះរាជាណាចក្រកម្ពុជាដោយបង្កើតឲ្យមានកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺនេះឡើង” ។

លោកនាយក បានបន្ថែមថា “ណាហ្គាវើលដ៍ ក៏បានជួយបណ្តុះបណ្តាលសិស្សានុសិស្សនៅតាមបណ្តាខេត្តផងដែរតាមរយៈកម្មវិធីរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស ។ ដើម្បីបង្កើតឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា យើងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញដល់គ្រូកីឡាទូទាំងខេត្តកំពង់ស្ពឺ ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងបង្រៀនដល់គ្រូកីឡាឲ្យក្លាយជាគ្រូកីឡាប្រកបដោយសមត្ថភាពដើម្បីជួយស្វែងរកកីឡាករវ័យក្មេងដែលពូកែ ។ នៅពេលទទួលបានជំនាញទាំងនេះ គ្រូកីឡាដែលជាសិក្ខាកាម នឹងអាចជួយបណ្តុះបណ្តាល និងអភិវឌ្ឍកីឡាករវ័យក្មេងជំនាន់ក្រោយរបស់យើងជាបន្តទៀត“ ។

អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ម៉ៃ តុលា បានមានប្រសាសន៍ថា “ស្តង់ដារនៃការបណ្តុះបណ្តាលបាល់ទាត់នៅតាមកម្រិតមូលដ្ឋានទូទាំងខេត្តកំពង់ស្ពឺ នឹងមានការរីកចម្រើនកាន់តែខ្លាំងតាមរយៈគំនិតផ្តួចផ្តើមនេះ ហើយយើងសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅលើវាលស្មៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ” ។

នៅក្នុងសុន្ទរកថារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា “យើងមានសេចក្តីសោមនស្សរីករាយដែលណាហ្គាវើលដ៍ និងស្ថាប័នពាក់ព័ន្ធសហការរៀបចំកម្មវិធីនេះឡើងនៅក្នុងខេត្តរបស់យើងដែលវានឹងផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ១៨.៥០០ នាក់អាយុចន្លោះ ១២ និង ១៨ ឆ្នាំ” ។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ការបណ្តុះបណ្តាលនៅតាមសាលារៀន គឺជាវិធីដ៏ល្អបំផុតដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ក្នុងចំណោមយុវជនវ័យក្មេងនៅតាមបណ្តាខេត្ត ហើយយើងគាំទ្រកម្មវិធី និងវត្ថុបំណងនៃកម្មវិធីនេះពេញទំហឹង” ។

លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាអភិវឌ្ឍកីឡាទូទាំងប្រទេស ហើយយើងសូមកោតសរសើរដល់ណាហ្គាវើលដ៍ចំពោះការខិតខំប្រឹងប្រែងជួយលើកកម្ពស់ស្តង់ដារនៃការបណ្តុះបណ្តាលជំនាញបាល់ទាត់នៅតាមសាលារៀននៅក្នុងខេត្តកំពង់ស្ពឺ ហើយវានឹងជួយពង្រឹងសមត្ថភាពដល់កីឡាករនៅតាមក្លឹបអាជីពក៏ដូចជាក្រុមជម្រើសជាតិផងដែរ” ។

ណាហ្គាវើលដ៍ សង្ឃឹមថា គ្រូកីឡារបស់យើង នឹងបង្កើនជំនាញបណ្តុះបណ្តាលបាល់ទាត់របស់ខ្លួននៅតាមសាលារៀនរៀងៗខ្លួន និងធ្វើរបាយការណ៍ជារៀងរាល់ត្រីមាសស្តីអំពីវឌ្ឍនភាព លទ្ធផលបណ្តុះបណ្តាល លទ្ធផលនៃការប្រកួតក៏ដូចជាស្វែងរកកីឡាករវ័យក្មេងដែលពូកែ ។

សាលារៀនទាំងអស់ក្នុងខេត្តកំពង់ស្ពឺ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុង “ការប្រកួតយុវជនខ្នាតតូចអាយុក្រោម ១៨ ឆ្នាំរបស់ណាហ្គាវើលដ៍” ផងដែរដែលគ្រោងនឹងធ្វើរយៈពេលជាង ២ ថ្ងៃក្នុងខែធ្នូ ឆ្នាំ ២០១៨ ឬខែមករា ឆ្នាំ ២០១៩ ។ ការប្រកួតនេះ មានគោលបំណងត្រួតពិនិត្យអំពីសមត្ថភាពរបស់កីឡាករដែលជ្រើសរើសដោយគ្រូកីឡារបស់ពួកគេ និងដើម្បីជួយបង្កើនទំនុកចិត្តរបស់ពួកគេនៅពេលពួកគេលេងបាល់ទាត់ ។

ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ដែលជាក្លឹបជើងឯកពីរសម័យដែលកំពុងស្ថិតនៅកំពូលតារាងនៃលីគបាល់ទាត់កំពូលកម្ពុជា និងមិនទាន់ធ្លាប់ចាញ់ នឹងចុះកុងត្រាជាមួយសិស្សានុសិស្សណាដែលលេងពូកែបំផុតពីកម្មវិធីរបស់យើងនៅពេលពួកគេអាយុ ១៨ ឆ្នាំ ៕ ស តារា

លោក Pern Chen នាយកណាហ្គាវើលដ៍ ពន្យល់អំពីកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់

ឯកឧត្តម ហ៊ុន ម៉ានី ទាត់បាល់បញ្ចូលទីដើម្បីបើកកម្មវិធីជាផ្លូវការ

មន្ត្រីរដ្ឋាភិបាល និងគណៈគ្រប់គ្រងណាហ្គាវើលដ៍ ថតរូបជុំគ្នាគាំទ្រដល់កម្មវិធីនៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក


ចែករំលែក៖