ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ផ្ដល់អំណោយសប្បុរសធម៌ជូនពលរដ្ឋអ៊ីស្លាម២៥០គ្រួសារ សម្រាប់បួសរ៉ាម៉ាឌនរបស់បងប្អូនសាសនិកអ៊ីស្លាម នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋសាសនិកខ្មែរអ៊ីស្លាម នៅក្នុងសង្កាត់ច្រាំងចំរេះ១ និង ច្រាំងចំរេះ២ ក្នុងខណ្ឌឬស្សីកែវ ចំនួន ២៥០គ្រួសារ បានទទួលអំណោយសប្បុរសធម៏ សម្រាប់ដោះស្រាយការទទួលទាន នាពេលស្រាយបួសរ៉ាម៉ាឌនរបស់សាសនាអ៊ីស្លាម ដែលជាអំណោយសប្បុរសធម៏របស់ មូលនិធិ TDV នៃក្រសួងកិច្ចការសាសនាប្រទេសតួកគី សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។ ពិធីនេះក្រោមអធិបតីភាព លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានប្រព្រឹត្ដទៅ កាលពីថ្ងៃអង្គារ៏ ៨កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២២ ឧសភា ឆ្នាំ២០១៨ នៅវិហារអ៊ីស្លាមច្រាំងចំរេះទី៨ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាសមាជិកអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ទទួលរ៉ាប់រងទំនាក់ទំនងផ្នែកគម្រោងនានា ជាមួយដៃគូរ ប្រទេសតួកគី ថា៖ សម្រាប់ពិធីបួសរ៉ាម៉ាឌន ឆ្នាំ ២០១៨នេះ មូលនិធិ TDV បានឧបត្ថម្ភ ជូនគ្រួសារសរុប ១២៥០គ្រួសារ គិតជាទឹកប្រាក់សរុប ៣៤,២៣៧.៥០ ដុល្លាអាមេរិក សម្រាប់ ខេត្តចំនួន៥ ក្នុងនោះរាជធានីភ្នំពេញ ២៥០គ្រួសារ កំពង់ឆ្នាំង ២៥០គ្រួសារ កំពង់ធំ ២៥០គ្រួសារ បាត់ដំបង ២៥០គ្រួសារ និង កំពត ២៥០ គ្រួសារ ហើយតំបន់និមួយ ក៏ទទួលបានកញ្ចប់ថវិការរួមសម្រាប់ព្រះវិហារ ចំនួន ៩៧៥ ដុល្លាផងដែរ។

លោក ឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នេះជាលើកទី៦ ដែលអង្គការរបស់លោកចាប់ដៃគូរជាមួយរដ្ឋាភិបាលប្រទេសតួកគី ក្នុងកិច្ចសហប្រតិបត្តិការ កម្មវិធីមនុស្សធម៌ទៅកាន់សហគមន៍កម្ពុជា ក្រៅពីជំនួយផ្នែកកញ្ចប់អាហារ បួសរ៉ាម៉ាឌន ជាគ្រឿងទេស ក៏មានការផ្តល់គោ សម្រាប់ពិធីបូជាក្នុងបុណ្យហាជ្ជី ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរទៅបំពេញ ការសិក្សានៅប្រទេសតួកគី ជាដើម។ លោកបន្តថា៖ ដើម្បីចូលរួមដោះស្រាយរាល់តម្រូវការរបស់សហគមន៍ មូលនិធិ របស់លោក ក៏បានធ្វើកិច្ចសហប្រតិបត្ដិការជាមួយស្ថាប័នរដ្ឋ និង អង្គការសប្បុរសធម៌អន្តរជាតិជាច្រើនប្រទេស ដូចជា ប្រទេសម៉ាឡេស៊ី ,សាំងហ្គាពួរ ប្រុយណេ, បណ្តាប្រទេសអារ៉ាប់ ,អាឡឺម៉ង់, បារាំង ជាដើម។

លោកបន្តថា៖ សមិទ្ធផលគ្រប់បែបយ៉ាងដែលយើងទទួលបានពីអង្គការដៃគូរ គឺកើតឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ច ជាកាល បានផ្តល់ភាពងាយស្រួល និង បើកទូលាយ ក្នុងការធ្វើទំនាក់ទំនងជាមួយដៃគូរបណ្ដាប្រទេសកាន់សាស នាអ៊ីស្លាម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយបណ្ដាអង្គការ និង បណ្ដាប្រទេសដៃគូរជាមិត្ត ក្នុងគោលបំណង ពង្រឹងសេដ្ឋកិច្ច,ពាណិជ្ជកម្ម,ឧស្សាហកម្ម,កសិកម្ម,វប្បធម៏, ទេសចរណ៏ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា រស់នៅប្រកបដោយ សុខសន្ដិភាព ដោយសុខដុមរមនា ក្នុងនាមបងប្អូនខ្មែរតែមួយ ៕ សំរិត


ចែករំលែក៖