ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកណ្ដាលវាលស្រែ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយផ្គររន្ទះ នៅគ្រាដែលជនរងគ្រោះកំពុងភ្ជួរដីស្រីក្បែផ្ទះ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចវាលស្រែខាងលិចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
នគរបាលស្រុកបាកានប្រាប់ថា ជនរងគ្រោះឈ្មោះ សូយ ក្រង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយការដែលរន្ទះបាញ់ស្លាប់នេះនូវគ្រាដែលគាត់កំពុងភ្ជូរដីស្រែ ដោយគោយន្តកន្រ្តៃស្រាប់តែផ្ទៃមេឃ ពណ៌ខ្មៅ ដោយរលឹមស្រេចៗលាយឡាំទៅផ្គររន្ទះក៏បាញ់ស្លាប់ភ្លាមៗតែម្តង។
នគរបាលដដែលបន្តទៀតថា ក្រោយកើតហេតុមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធបានសហការគ្នា ចុះស្រាវជ្រាវ និងធ្វើកំណត់ហេតុត្រឹងត្រូវ ទើបប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន