ខេត្តបន្ទាយមានជ័យ៖ យោងតាមរបាយការណ៍ការិយាល័យនគរបាលប្រឆាំងការជួញដូរ និងការពារអានីតិជនខេត្តបន្ទាយមានជ័យក្នុងខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធរថៃចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុក និងធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ដែលចាប់បញ្ជូនមកវិញមានចំនួន៤,២៦៨នាក់ ស្រី១,៤៧៣នាក់កុមារចំនួន៤៣៩នាក់ កុមារី១៦៧នាក់តាមរថយន្តភាគីថៃចំនួន១០២គ្រឿង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ថិតិពលរដ្ឋក្នុងខេត្តចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃមានចំនួនសរុប៥០៤នាក់ ស្រី២៣៣នាក់ ក្នុងនោះស្របច្បាប់ចំនួន៦០នាក់ ស្រី២២នាក់ មិនស្របច្បាប់ចំនួន៤៤៤នាក់ ស្រី២១១នាក់ ត្រឡប់មកវិញ២,៤២៧នាក់ស្រី១,១៦៨នាក់ កុមារ៤០នាក់ ។
គួររំលឹកថាៈបញ្ហាពលករចំណាកស្រុកខុសច្បាប់ ដែលប្រឈមគ្រោះថ្នាក់ និងសុវត្ថិភាពរាល់ប្រជុំគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យលោក សួន បវរ អភិបាលខេត្តបានលើកឡើងជារឿយៗដល់កម្លាំងសមត្ថកិច្ច ដែលឈរជើងតាមបន្ទាត់ព្រំដែន និងកម្លាំងជំនាញត្រូវលុបបំបាត់ច្រករបៀងខុសច្បាប់ និងទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ ការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ។
ដាស់តឿនដាក់វិធានការត្រូវចាប់មេខ្យល់ និងអប់រំណែនាំប្រជាពលរដ្ឋឲ្យមានការយល់ដឹងត្រូវបញ្ឈប់ការចាញ់បោកមេខ្យល់ ទៅរកការងារធ្វើដោយស្របច្បាប់ ។
ព័ត៌មានបានឲ្យដឹងថា ការ ដែលពលករចំណាកស្រុកខុសច្បាប់នៅតែបន្តលួចចេញតាមច្រករបៀងខុសច្បាប់ នៅតែកើតមានគឺបណ្តាលមកពីកម្លាំងសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនឃុបឃឹតជាមួយមេខ្យល់ហើយកម្លាំង និងមន្ត្រីជំនាញដើរដាក់ខែជាមួយមេខ្យល់ឬបង់ចំនួនពលករម្នាក់១៥,០០០រៀលទៅ២០.០០០រៀលអាច១ខែមេខ្យល់ម្នាក់បង់១លានទៅ២លានរៀលជាប្រចាំខែ បើមិនបង់គឺចាប់ពលករអប់រំឲ្យត្រឡប់ទៅវិញតែមេខ្យល់រួចខ្លួនរហូតនៅតែបន្តរកស៊ីដោយរលូន ៕ សហការី