ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរដ្ឋមន្ត្រីត្រាំ អ៊ីវតឹក អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិចងចាំ ២០ ឧសភា នៅក្នុងវត្តទំនប់ ឃុំត្រងិល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ លោកសន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ទូរគមនាគមន៍កម្ពុជា និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់លែង តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូ ក្រុមការងារ ប្រារព្ធពិធី ទិវាជាតិចងកំហឹង ២០ ឧសភា នៅក្នុងវត្តទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះ មានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាជី យាយជី និងអាជ្ញាធរជាដើម ។

ទិវាជាតិចងចាំ ២០ ឧសភា ឆ្នាំ២០១៨នេះ ធ្វើឡើងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុវជន ប្រជាជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយ គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ ក៏ដូចជាតាមបណ្តារាជធានី ខេត្ត តែងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។

តំណាងឲ្យប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោកសន វី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ​ ពុទ្ធបរិស័ទ លោកតា លោកយាយ រំលឹកនូវព្រឹត្តិការណ៍ដ៏ខ្មៅងងឹតរបស់សង្គមកម្ពុជា គ្រប់គ្រងដោយរបបប៉ុល ពត គឺជាសកម្មភាពដ៏មហាឧក្រិដ្ឋកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស ចងចាំមិនភ្លេច ពិសោកនាដកម្មសម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាង៣លាននាក់នោះ ។ ដូច្នេះពិធីនេះ ធ្វើឡើងក្នុងគោលបំណងឲ្យយើងទាំងអស់គ្នានឹកឃើញឡើងវិញ និងចងចាំគ្រប់ពេលវេលានូវសកម្មភាពដ៏មហាឧក្រិដ្ឋរបស់ពួកប៉ុល ពត ហើយចងក្រងជាមេរៀនប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ ខណៈនៅមានជនអគតិមួយចំនួន គេបានធ្វើជាភ្លេច ធ្វើជាមិនដឹង មិនឮ ហើយក៏មួយចំនួនទៀត គេធ្វើជាមិនយល់ មិនឃើញអ្វីទាំងអស់​ អំពីស្លាកស្នាមប្រវត្តិសាស្ត្រ បន្សល់ទុកដោយពួកគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ប៉ុល ពត មកលើប្រជាជនស្លូតត្រង់ ពិសេសគេបានបំភ្លេចចោលនូវការឈឺចាប់ ដែលក្រុមគ្រួសារគេបានទទួលរងគ្រោះទៀតផង ។

លោក សន វី បន្តថា ប្រឈមមុខចំពោះគ្រោះប្រល័យពូជសាសន៍ដ៏អាសន្ននេះ រណសិរ្សសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នមាននាមថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាស្នូលដឹកនាំ បានអំពាវនាវ និងប្រមូលផ្តុំកម្លាំងស្នេហាជាតិ គ្រប់ស្រទាប់វណ្ណៈនៅក្នុង និងក្រៅប្រទេស ដោយមានការជួយឧបត្ថម្ភគាំទ្រពីមិត្តភក្តិជិតឆ្ងាយលើសកលលោក ក្រោកឈរឡើងតស៊ូ វាយផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត ហើយបានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើន សន្តិភាព អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ប្រកបដោយនីតិរដ្ឋ មកទល់បច្ចុប្បន្ននេះ ។

នៅក្នុងកម្មវិធីនេះផងដែរ តំណាងលោករដ្ឋមន្ត្រីត្រាំ អ៊ីវតឹក ក៏បានអញ្ជើញប្រគេនចង្ហាន់ បច្ច័យ និងស្លាដក ដល់ព្រះសង្ឃ៥អង្គ ក្នុង១អង្គ មានចង្ហាន់ ស្លាដក់ ១កញ្ចប់ បច្ច័យ៥ម៉ឺនរៀល និងឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ៦នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល ឧបត្ថម្ភដល់មេភូមិ២១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល មន្ត្រីសាលាស្រុក២នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល ។ ដោយឡែកនគរបាលការពារ និងប្រជាការពារភូមិ១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ក៏ដូចជាបានចែកជូនជារបស់របរមួយចំនួនទៀតដល់ប្រជាពលរដ្ឋដែលបានចូលរួម ៕ សុខ ខេមរា


ចែករំលែក៖