ភ្នំពេញ៖ យោងតាមលិខិត របស់ សាលាសង្កាត់គោកឃ្លាង មានចុះហត្ថលេខាដោយលោក ញ៉ាត សាម៉េត ចៅសង្កាត់ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានកំណត់ពេលឲ្យលោក ទិត សុខវណ្ណា ដែលគេដឹងថា មានមុខរបរ ជាមេធាវី នៃគណៈមេធាវីកម្ពុជា រុះរើ សំណង់រោងដែកដែលសង់លើដីគម្រោងផ្លូវសាធារណៈ ក្នុងរយៈពេល ០៥ថ្ងៃក្រោយថ្ងៃជូនដំណឹង។
បើតាមលោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានឲ្យដឹងថា៖ ក្រុមមន្ត្រីរបស់លោកបាន ចុះទៅបិទ លិខិតជូនដំណឹង នៅលើរោងដែក ដែលលោក មេធាវី ទិត សុខវណ្ណា សង់រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ នោះរួចរាល់ហើយដោយទុកពេល ០៥ថ្ងៃ ឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើដោយខ្លួនឯង។
លោកចៅសង្កាត់ បានបញ្ជាក់ថា៖ ក្នុងករណីលោក មេធាវី ទិត សុខវណ្ណា មិនគោរពតាម សេចក្តីជូនដំណឹងរបស់អាជ្ញាធរ នោះអាជ្ញាធរ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតនោះទេ។
ដោយឡែក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា អាជ្ញាធរលោក ទុកពេលឲ្យមេធាវី ទិត សុខវណ្ណា ដែលរំលោភបំពានយកដីផ្លូវសាធារណៈរបស់រដ្ឋ រុះរើរោងដែកនោះចេញត្រឹមពេល ០៥ថ្ងៃក្រោយជូនដំណឹង បើមេធាវី ទិត សុខវណ្ណា រឹងទទឹងមិនអនុវត្តតាមសេចក្តីជូនដំណឹងនោះទេ អាជ្ញាធរ នឹងចាត់វិធានការផ្លូវច្បាប់ មិនលើកលែងនោះទេ។
បើផ្អែកលើលិខិតជូនដំណឹង លោក មេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយក ផ្លូវសាធារណៈរបស់រដ្ឋនៅចំណុច ក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋាន ដែលលោកមេធាវី ទិត សុខវណ្ណា រំលោភយកផ្លូវសាធារណៈ របស់រដ្ឋ ជាកម្មសិទ្ធ បានសម្តែងការ ខកចិត្តចំពោះអាជ្ញាធរមូលដ្ឋានដែលមិនបានត្រួតពិនិត្យនៅពេលមេធាវីរូបនេះសាងសង់ បែរជាទើបតែមានវិធានការនៅពេលពួកគាត់ រិះគន់តាមរយៈសារព័ត៌មាន។
ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររាជធានី ដែលមានលោក ឃួង ស្រេង ជាអភិបាល និងជាពិសេស សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន មេត្តា ចាត់វិធានការណ៍ផ្លូវច្បាប់ ឲ្យធ្ងន់ធ្ងរចំពោះបុគ្គល មេធាវី ដែល ចេះដឹងច្បាប់ បែរជាអង្គុយលើច្បាប់ រំលោភបំពានច្បាប់ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់រាជរដ្ឋាភិបាលបែបនេះ។
ពលរដ្ឋ ក៏បានអំពាវនាវឲ្យ គណៈមេធាវីកម្ពុជា មេត្តាពិនិត្យលើបញ្ហានេះផង ដើម្បីកុំឲ្យ លោក មេធាវី ទិត សុខវណ្ណា ម្នាក់ធ្វើឲ្យខូចកិត្តយសដល់ស្ថាប័ន គណៈមេធាវី និងកេរ្តិ៍ឈ្មោះមេធាវីដែលគេប្រព្រឹត្តតែអំពើត្រឹមត្រូវ។
បើយោងតាមមាត្រា ២៥៩ នៃច្បាប់ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី៥លាន់ ទៅ៥០លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ៥ឆ្នាំ។
មហាជនកំពុងរងចាំមើលចំណាត់ការផ្លូវច្បាប់របស់ អាជ្ញាធរខណ្ឌសែនសុខ ថាតើអាជ្ញាធរខណ្ឌមួយនេះ ហ៊ាន អនុវត្តច្បាប់ លើមេធាវី ដែលបំពានច្បាប់រូបនេះដែរឬទេ? ឬបានត្រឹមតែ ចេញលិខិតជូនដំណឹង? ៕ តុង សីហា