ខេត្តឧត្តរមានជ័យ ៖ កាលពីពេលថ្មីៗកន្លងមកនេះ មានការបែកធ្លាយរូបភាពរបស់មន្ត្រីអន្តោប្រវេសន៍ច្រកទា្វរព្រំដែនអន្តរជាតិ អូស្មាច់ ខេត្តឧត្តរមានជ័យ យកម៉ោងធ្វើការមកផឹកស៊ីយ៉ាងសប្បាយ នៅនឹងកន្លែងធ្វើការ ត្រូវបានលោកផ្កាយ៤ សុខ ផល អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បញ្ជាឲ្យដកមន្ត្រីនគរបាលអន្តោប្រវេសន៍ ចេញពីច្រកទា្វរព្រំដែនអន្ដរជាតិអូរសា្មច់ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា បន្ទាប់ពីមានការបែកធ្លាយរូបភាពផឹកស្រាបៀរនៅកន្លែងធ្វើការរួចមក លោកនាយឧត្តមសេនីយ៍ សុខ ផល លោកបានបញ្ជាឲ្យដកមន្ត្រីនគរបាលអន្តោប្រវេសន៍នៅនឹងកន្លែងច្រកទ្វារអន្តរជាតិអូរស្មាច់ចេញភា្លមៗផងដែរ ប៉ុន្តែអ្វីដែលគួរឲ្យងឿងឆ្ងល់ គេពុំទាន់ដឹងថា តើលោកផ្កាយ៤ សុខ ផល ដកលោកនាយរងប៉ុស្តិ៍ ជា ព្រឿង ឬក៏លោកនាយប៉ុស្តិ៍ ខូង ទីន ចេញពីច្រកអន្តរជាតិអូរស្មាច់នោះ ?
ប្រជាពលរដ្ឋនឹងអ្នកសារព័ត៌មានមួយចំនួន ដែលបានដឹងពីបញ្ហានេះ កំពុងតែរង់ចាំមើលចំណាត់ការថ្នាក់លើយ៉ាងណា ? ទៅលើមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលបានប្រព្រឹត្តិខុសច្បាប់វិន័យ របស់នាយកដ្ឋានអន្តោប្រវេសន៍ ។
បើតាមវីដេអូឃ្លីបដែលគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា មន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ដែលសកម្មការងារហួស គឺពិតជារវល់ខ្លាំងណាស់ រហូតធ្វើការបណ្តើរ ផឹកស្រាបៀរបណ្តើរ នៅក្នុងបន្ទប់ការិយាល័យ ថែមទាំងទារប្រាក់ពីពលរដ្ឋ២ម៉ឺនរៀល នៅពេលចូលមកឆែកប៉ាស្ព័រចូលទៅប្រទេសថៃ ។
វីដេអូឃ្លីបដែលប្រជាពលរដ្ឋថតបាន បង្ហាញឲ្យឃើញថា មន្ត្រីស័ក្តិ៤កន្លះម្នាក់ ដែលគេស្គាល់ថា ជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអូរស្មាច់ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ កំពុងវាយប៉ាស្ព័រឲ្យប្រជាពលរដ្ឋ ចំណែកឯ មន្ត្រី៣ទៅ៤នាក់ទៀត ខ្លះស្លៀកពាក់ស៊ីវិល បានអង្គុយនៅតុខាងក្រោយ ក្នុងបន្ទាប់ធ្វើការ ផឹកស្រាបៀរ សើចសប្បាយទៅវិញ ។
បើតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះនៅច្រកអូរស្មាច់ បានខ្សឹបប្រាប់ឲ្យដឹងថា ករណីប្រជាពលរដ្ឋឆ្លងដែនទៅប្រទេសថៃ តាមច្រកនេះ បានត្រូវបង់លុយឲ្យ មន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ម្នាក់២ម៉ឺនរៀល ទើបគេវាយ លើប៉ាស្ព័រ ឲ្យចូល និងចេញ បើពុំនោះទេ មិនអាចឡើយ ។ សកម្មភាពនេះត្រូវបានគេប្រាប់ឲ្យដឹងថា បានកើតឡើងជាទំលាប់ទៅហើយ រហូតដល់ធ្វើឲ្យ ភាគីថៃ ក៏រៀនធ្វើតាមផងដែរ ដោយទារប្រាក់ពីពលរដ្ឋខ្មែរ ម្នាក់១០០បាត(ប្រាក់ថៃ) ទើបគេបោះត្រាឲ្យដែរ ។
ប្រភពដដែល បានឲ្យដឹងថា លោក ខូង ទីន ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ពុំសូវចូលទៅធ្វើការនៅច្រកនោះទេ ច្រើនតែនៅភ្នំពេញ ហើយការងារតូចធំ ច្រើនតែប្រគល់ទៅឲ្យ លោក ជា ព្រឿង នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ គ្រប់គ្រង និងចាត់ចែងជំនួស ព្រោះការងារទាំងប្រក្រតី និងមិនប្រក្រតី គឺលោកនាយប៉ុស្តិ៍ក្តាប់ណែនអស់ហើយ ។
ប្រភពដដែល បញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រោមការដឹកនាំរបស់ លោក ខូង ទីន ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានរឿងមិនប្រក្រតីជាច្រើនទៀត ផងដែរ ។
ជុំវិញករណីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់យកកន្លែងធ្វើការ ធ្វើជាកន្លែងផឹកស៊ីបង្អួតភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិនោះ ត្រូវបានមហាជនបានសម្តែងការហួសចិត្ត និងនាំគ្នារិះគន់ ចំពោះសកម្មភាព និងទង្វើររបស់មន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ ទាំងនោះថា ខ្លួនជាមន្ត្រីនគរបាលបម្រើរាស្ត្រ បែរជាយកកន្លែងធ្វើការ ធ្វើជាកន្លែងផឹកស៊ីបណ្តើរ ធ្វើការបណ្តើរ និងទារលុយបណ្តើរទៅវិញ ទង្វើនេះមិនស័ក្តិសមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋឡើយ ។
នៅរសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោកនាយឧត្តមសេនីយ៍ សុខ ផល បាននៅឡើយទេ ក៏ដូចជាសុំការបំភ្លឺពីលោកនគរបាលអន្តោប្រវេសន៍ច្រកទា្វរព្រំដែនអន្តរជាតិប៉ុស្តិ៍ អូរសា្មច់ ដែលបានយកកន្លែងធ្វើការ មកផឹកស៊ី និងយកលុយពីប្រជាពលរដ្ឋធ្វើដំណើរឆ្លងដែនទៅប្រទេសជិតខាងនោះដែរ ៕ ប៉ែន នួន