ភ្នំពេញ៖ លោកស្រី មាស ឡាតលិបណា តំណាង លោកបណ្ឌិត យូសូហ្វ អាល់អូសៃមិន អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលតំណាងឱ្យរដ្ឋឥស្លាម ជាសមាជិកចំនួន ៥៧ប្រទេស បានលើកឡើងថា៖ សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សមាហរណកម្មសន្តិភាព សុខដុមបនីយកម្ម និងការរួមរស់ជាមួយគ្នា និងការស្វែងរកភាពសុខដុមរមនា រវាងប្រជាជន និងវប្បធម៌ គឺជាការសម្រេចចិត្តក្នុងការអនុវត្តនូវគោលនយោបាយដ៏ល្អបំផុត ជាគំរូល្អសម្រាប់ប្រទេសដ៏ទៃនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
មានប្រសាសន៍បែបនេះ នៅក្នុងឱកាសនៃពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនិកអ៊ីស្លាមកម្ពុជា កាលពីរាត្រីថ្ងៃពុធ ១៥កើត ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៩ ឧសភា ២០១៨ ដែលរៀបចំនិងអញ្ជើញចូលរួម ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅមជ្ឈមណ្ឌលកោះពេជ្រ ។
ថ្លែងនៅក្នុងពិធីដែលមានវត្តមានប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជា និង តំណាងអង្គទូត មេដឹកនាំអ៊ីស្លាម ស្ថាប័នអង្គការ អន្តរជាតិ អញ្ជើញចូលរួមចំនួន៣៣ ប្រទេស និង តំណាងសហគមន៍ខ្មែរឥស្លាម ជិត៥០០០នាក់ លោកស្រីតំណាងអគ្គលេខាធិការអង្គការ OIC បានបន្តថា៖ ការលើក កម្ពស់ការអត់ឱនផ្នែកសាសនា របស់រាជរដ្ឋាភិបាលបានបង្ហាញយ៉ាងច្បាស់ នូវផលវិជ្ជមាន និងជាកត្ដាមួយដែលនាំឱ្យកម្ពុជាមានលក្ខណៈខុសពីបណ្តាប្រទេសមួយចំនួន។
ក្នុងនាម ជាអង្គការអន្តររដ្ឋាភិបាលធំបំផុតទីពីររបស់ពិភពលោក OIC បានប្តេជ្ញាចិត្តសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ ការគោរពគ្នាទៅវិញទៅមក និងភាពសុខដុមរមនា រវាងប្រជាជន សង្គម និងវប្បធម៌ខុសៗគ្នា ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍជាសកល។ អង្គការសហប្រតិបត្ដិការឥស្លាម នឹងបន្តជម្រុញនិងខិតខំប្រឹងប្រែងដើម្បីបញ្ចូលកម្ពុជា ជាសមាជិកអង្កេតការណ៍នៅអង្គការនេះនាពេលខាងមុខ។
ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការគោរព្ធប្រតិបត្ដិ តាមជំនឿសាសនារបស់ខ្លួន។ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ បានបង្កភាពងាយស្រួលគ្រប់បែបយ៉ាងនៅកម្ពុជា ស្របនឹងប្រទេសមានសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កាន់តែខ្លាំងឡើង មធ្យោបាយធ្វើ ដំណើរលើផ្លូវថ្នល់ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបាន និងកំពុងរៀបចំឲ្យកាន់តែល្អប្រសើរថែមទៀត ហើយមិនតែប៉ុណ្ណោះ ការទំនាក់ ទំនង ជាមួយបណ្ដាសហគមន៏អន្ដរជាតិ ក៏ត្រូវបានរីកសុះសាយដោយបានការចាប់អារម្មណ៍ យ៉ាងច្រើនពីបណ្ដាប្រទេសនានា នៅលើសកលលោក ដូច្នេះ ហើយ លំហូរកំណើនសេដ្ឋកិច្ច កម្ពុជា ចេះតែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ៕ សំរិត