ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកទំនិញក្រុមហ៊ុនSPបុកកម្មការិនីរោងចក្រជាអ្នកថ្មើរជើង២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីជាអ្នកថ្មើរជើង២នាក់ត្រូវបានរថយន្ដដឹកទំនិញរបស់ក្រុមហ៊ុនSPបើកបុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលស្រ្ដីរងគ្រោះខាងលើបានដើរឆ្លងថ្នល់ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិ ស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា នារីស្លាប់បាត់បង់ជីវិតមាន២នាក់ ទី១-ឈ្មោះ ស្រែ ឡំ ភេទស្រី អាយុ២៥ឆ្នាំ (មុខរបរកម្មការិនីរោងចក្រកាត់ដេរ) ទី២-ឈ្មោះ ជាវ លីន ភេទស្រី អាយុ២៣ឆ្នាំ (មុខរបរកម្មការិនីរោងចក្រកាត់ដេរ) ។ នារីរងគ្រោះទាំង២នាក់មានស្រុកកំណើតនៅភូមិថ្មី ឃុំត្រាប់ស្រុកបាធាយ ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ធុនធំ ប្រភេទដឹកទំនិញក្រុមហ៊ុន SP ពាក់ស្លាកលេខ ភ្នំពេញ 3A-5622 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហតុសាក្សីបានឃើញនារីរងគ្រោះជាអ្នកថ្មើរជើងទាំង២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុបានឆ្លងផ្លូវ ខណៈនោះក៏មានរថយន្ដធុនធំម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញរបស់ក្រុមSPបើកមិនប្រកាន់ស្ដាំដោយល្បឿនលឿនដោយមិនប្រយ័ត្ន បានជ្រុលទៅបុកនារីរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះអន្ដរាគមន៍នៅកន្លែងកើតហេតុ រួចធ្វើការវាស់វែងនិងកសាងឯកសារដកហូតយករថយន្ដទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពនារីរងគ្រោះទាំង២នាក់ ត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖