ភ្នំពេញ ៖ ស្រ្តីម្នាក់អះអាងថាខ្លួនម៉េម៉ាយ ក្រោយពីលែងលះជាមួយប្តី បានបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសម្នាក់ ក្រោមការលួងលោម អួតខ្លួនថានៅកម្លោះ ស្មោះស្នេហ៍ បបួលនាំទៅផឹកសុី ស្រវឹងឆ្លៀតឱកាសរួមរ័ក្សបានសម្រេចម្តងហើយម្តងទៀត យកបានទាំងលុយសរុបជាង៣ពាន់ដុល្លារ ថា នឹងសងវិញ អស់រយៈពេលជាង១ខែ ស្រាប់តែគេចខ្លួន ទើបភ្ញាក់ខ្លួនដឹងថាចាញ់ល្បិចប្រុសព្រានហើយ មានតែដើរស្វែងរកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យជួយអន្តរាគមន៍យកលុយនាងមកវិញ កាលពីវេលាថ្ងៃត្រង់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅមុខសាលាសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
អ្នកម៉េម៉ាយចាញ់ស្នេហ៍ខាងលើ ឈ្មោះ អ ន អាយុ៣២ឆ្នាំ មុខរបរ ជាកម្មការិនីរោងចក្រ ស្នាក់នៅ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកភាគីខាងគូស្នេហ៍ នាងគ្រាន់តែប្រាប់ថា មានឈ្មោះ គឹមហុង អាយុ៣៨ឆ្នាំ ស្នាក់នៅក្រោយរោងកុនលុច្យ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមការរៀបរាប់ពីស្រ្តីខាងលើបានឲ្យដឹងថា ក្រោយពីលែងលះគ្នាជាមួយប្តី អ្វីដែលខ្លួនទទួលបានជាស្រីម៉ាម៉ាយ បន្សល់ទុកកូនស្រីម្នាក់ រស់នៅឯស្រុកកំណើត ហើយខណៈដែលស្នាក់អាស្រ័យធ្វើការងារ នាទីក្រុងភ្នំពេញ ដោយតាមរយៈមិត្តភក្តិ អ្នកស្គាល់គ្នាបានណែនាំឲ្យស្គាល់ បុរសម្នាក់ ឈ្មោះ គឹមហុង ស្គាល់រាប់អានគ្នាយូរទៅឈានដល់ បុរសខាងលើអួតខ្លួនថានៅកម្លោះ សុំស្នេហ៍ សុំចិត្តស្រឡាញ់ អស់រយៈពេលជាង១ខែកន្លងមកហើយ មកដល់ថ្ងៃនេះ ។
ស្រ្តីដដែលបន្តទៀតថា គ្រាដែលបុរសខាងលើ ដាក់ចិត្តសុំស្នេហ៍ មានថ្ងៃមួយ បុរសខាងលើ បានមកបបួលនាង និងរួមជាមួយមិត្តភក្តិក្បែរខាង ប្រជុំគ្នាផឹកសុី រហូតដល់ស្រវឹង លែងដឹងខ្លួន មិត្តភក្តិចេញអស់ បុរសខាងលើឆ្លៀតឱកាស បង្ខំចាប់នាងរួមភេទរហូតបានសម្រេចម្តង នាងនៅតែទន់ខ្លួនដោយភាពស្រវឹង ហើយលូកយកលុយចំនួន២០០ដុល្លារ និងកាត់ យកកងដៃ២កង ដោយប្រាប់ថា គេទុកឲ្យ ហើយក៏ចាកចេញទៅបាត់ លុះដល់ថ្ងៃក្រោយមកទៀត បុរសខាងលើ បានទូរស័ព្ទណាត់ជួប ប្រាប់ថា ឲ្យទៅយកលុយវិញ លុះទៅដល់ ប្រើល្បិចឲ្យទៅយកនៅផ្ទះសំណាក់ ម្តុំផ្លូវវេងស្រេង ប្រាប់ថាចង់បានលុយ ឡើងទៅដេកផ្ទះសំណាក់សិន ទើបគេប្រគល់លុយឲ្យវិញ ខំទុកចិត្តនឹកស្មានតែគេឲ្យលុយមែន រួមភេទបានសម្រេចជាលើកទី២ហើយ លួចទាំងលុយអស់ចំនួន១៥០០ដុល្លារ ដែលនាងទើបដេញតុងទីនបាន ហើយបានប្រាប់ជាក្រោយ សន្យាថា នឹងសង់វិញគ្រប់ចំនួន មិនតែប៉ុណ្ណោះ លើកហេតុផលមួយ យើងទាំង២នាក់គង់តែក្លាយជាប្តីប្រពន្ធដដែល សុំខ្ចី១៥០០ដុល្លារទៀត ធានាសងវិញ ខំទុកចិត្ត នូវល្បិចសម្តីទន់ លួង អន្ទងលង់ស្នេហ៍ លុយអស់ជាង៣០០០ដុល្លារទៅហើយ ខ្លួនខាតបង់ទៀត ចាំបាត់ៗ ពេលណាបានសង់លុយ សន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោយពីលិចឮដំណឹងថា បុរសខាងលើ មានប្រពន្ធហើយ ម្យ៉ាងគេចខ្លួនបាត់ទៀត ដឹងខ្លួនចាញ់ល្បិចប្រុសស្នេហ៍ហើយ ដើរស្វែងរកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសឲ្យជួយអន្តរាគមន៍យកលុយមកវិញ ទើបកាន់រូបថត បុរសរូបនោះ មានក្នុងទូរស័ព្ទ មកបង្ហាញ ។
ស្រ្តីខាងលើបន្ទាប់ពីមកដល់មុខសាលាសង្កាត់កាកាប១ ហើយត្រូវបានប្រជាពលរដ្ឋ ប្រាប់ឲ្យទៅសាកសួរ នៅប៉ុស្តិ៍នគរបាលកាកាប២វិញ តើគួរធ្វើយ៉ាងណា សាកសួរសមត្ថកិច្ចនៅទីនោះ ខណៈដែលស្រ្តីខាងលើ ស្នាក់នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ៕ សុខាសែនជ័យ