ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៨បានថ្លែងប្រតិកម្មយ៉ាងខ្លាំងជុំវិញ ការឃោសនារបស់អ្នកនយោបាយមួយ ដែលលើកឡើងថា នៅពេលដែលខ្លួនឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលនឹងដោះស្រាយ បំណុលជូនប្រជាពលរដ្ឋ ដោយសម្តេច ចាត់ទុកថា ការឃោសនានេះជាការបោក ប្រាស់ ។
ទោះបីជាសម្តេចតេជោមិនបានបញ្ជាក់ឈ្មោះអ្នកនយោបាយដែលឃោសនានេះ ក្តី ប៉ុន្តែត្រូវបានគេដឹងថា សំដៅសម្តេចក្រុម ព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ សម្តេចក្រុមព្រះក្នុងជំនួបជាមួយប្រជាពលរដ្ឋនៅខេត្តតាកែវកាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅនេះបានមានបន្ទូលទៅកាន់ប្រជាពលរដ្ឋថា នៅពេលព្រះអង្គឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលព្រះអង្គនឹងដោះស្រាយបំណុលជូនប្រជាពលរដ្ឋ។
សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកការ ឃោសនាបែបនេះជាការឃោសនាបែប ប្រជាភិថុតិជាការឃោសនាបោកប្រាស់ប្រជាពលរដ្ឋដែលមិនគួរនឹងធ្វើនោះឡើយ។ ក្រៅពីប្រតិកម្មជាមួយការឃោសនាសន្យាដោះស្រាយបំណុលនេះទៅសម្តេចប្រមុខគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹក នាំរាជរដ្ឋាភិបាលក៏បានទម្លាយផងដែរ សម្តេចក្រុមព្រះបានសរសេរសំបុត្រទៅ សម្តេចដើម្បីខ្ចីលុយចំនួន១លាន៣សែន ៥ម៉ឺនដុល្លារអាមេរិកយកទៅធ្វើសកម្មភាពនយោបាយ ។
សម្តេចតេជោបានថ្លែងប្រតិកម្មយ៉ាង ដូច្នេះថា «មានអ្នកខ្លះថា បើគេឈ្នះឆ្នោត គេនឹងសងបំណុលជួសប្រជាជនទាំងអស់។ នេះជាអំពើបោកប្រាស់មួយដែលគួរឲ្យខ្មាសអៀនខ្លាំងណាស់។ ប៉ុន្មានសប្តាហ៍មុន សរសេរសំបុត្រមកសុំខ្ចីលុយខ្ញុំសោះស្រាប់ឥឡូវបែរជាសន្យាសងលុយជំនួសប្រជាជនទាំងអស់ទូទាំងប្រទេសចំពោះធនាគារ។ តើប្រទេសណាដែលគេអាចធ្វើអ៊ីចឹងទៅ រួច បើធ្វើអ៊ីចឹងទៅបានចាំបាច់អីខ្ចីលុយពី បរទេសមកកសាងផ្លូវ មកកសាងប្រឡាយ ទឹក មកកសាងមន្ទីរពេទ្យក្នុងប្រទេសរបស់យើង។ យើងមិនយកលុយទាំងនោះមក កសាងតែម្តងទៅ ប៉ុន្តែដោយសារយើង ក្រអត់លុយនោះហើយទើបយើងខ្ចីលុយ បរទេស» ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ព្រមានទម្លាយសំបុត្រដែលសម្តេចក្រុមព្រះ ផ្ញើទៅសម្តេចដើម្បីខ្ចីលុយជាង១លាន ដុល្លារនៅលើហ្វេសប៊ុកផងដែរ។ សម្តេច តេជោចាត់ទុកការឃោសនាសងបំណុលពេលជាប់ឆ្នោតគឺនៅលើលោកនេះគ្មានទេ នេះជាការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ដូច្នេះសម្តេចត្រូវតែទម្លាយរឿងនេះ ។
ក្នុងរឿងសម្តេចក្រុមព្រះនេះដែរសម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំងចំពោះគណបក្សនយោបាយដែលបាន យករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខក្នុងការឃោសនារកសំឡេងឆ្នោត។ សម្តេច តេជោបានហៅការឃោសនាដោយយក របបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខដើម្បីស្វែងរកសំឡេងគាំទ្រពីម្ចាស់ឆ្នោតនេះមិនល្អនោះឡើយ ហើយគួរតែមានការអំពាវ នាវឲ្យគ្រប់គណបក្សនយោបាយ និងប្រជា ពលរដ្ឋគាំទ្ររបបរាជានិយមទាំងអស់គ្នាទើបជាការប្រសើរ ។
សម្តេចតេជោមិនបានហៅចំឈ្មោះ គណបក្សនយោបាយណាមួយនោះ ឡើយ។ ប៉ុន្តែគេអាចដឹងបានថា ក្នុងសារ នយោបាយនេះសំដៅដល់គណបក្ស ហ៊្វុនស៊ិនប៉ិច ព្រោះថាគណបក្សហ៊្វុនស៊ិន ប៉ិចដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាសែរាជវង្សនេះតែងតែបាន រំលេចក្នុងសារនយោបាយរបស់ខ្លួនថា គណបក្សហ៊្វុនស៊ិនប៉ិចជាគណបក្សរាជា និយម ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចក្នុងពេលចុះជួបប្រជាពលរដ្ឋនៅខេត្តតាកែវកាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅមានបន្ទូលថា គណបក្សហ៊្វុនស៊ិនប៉ិចគឺប្រកាន់ខ្ជាប់របប រាជានិយម និងសីហនុនិយម ហើយរបបនេះបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់ សព្វថ្ងៃនេះ។ សម្តេចក្រុមព្រះមានព្រះ បន្ទូលបន្ថែមថា ប្រសិនបើគណបក្សព្រះ អង្គជាប់ឆ្នោតព្រះអង្គនឹងលើកកម្ពស់ជីវ ភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការឃោសនាដោយយករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខបែបនេះមិនល្អនោះឡើយ ហើយគួរតែមានការអំពាវនាវឲ្យ គណបក្សនយោបាយទាំងអស់រួមទាំងប្រជាពលរដ្ឋផងដែរឲ្យការពាររបបរាជានិយម។ សម្តេចតេជោថែមទាំងចាត់ទុកការយក របបរាជានិយមទៅឃោសនាបែបនេះ អាចប៉ះពាល់ដល់តម្លៃនៃរបបរាជានិយមថែមទៀតផង នៅពេលបក្សនេះមិនទទួល បានការគាំទ្រ ។
សម្តេចតេជោបានថ្លែងថា «អ្នកខ្លះតាំងខ្លួនជាគណបក្សរាជានិយមដោយយករាជបល្ល័ង្ក និងរាជានិយមយកមកផ្សារភ្ជាប់ ដើម្បីធ្វើជាដើមទុនឃោសនានយោបាយមិនមែនជារឿងល្អទេ របបរាជានិយមបើ ទុកគ្រាន់តែគណបក្សនយោបាយមួយ ការពារមិនគ្រប់គ្រាន់ទេ។ អំពើឆោតល្ងង់ របៀបនេះមិនត្រូវយកមកប្រើទេត្រូវប្រមូលបណ្តាបក្សនយោបាយទាំងអស់ចូលរួម ប្រជាជនទាំងអស់ការពាររបបរាជានិយម ទើបរបបរាជានិយមទៅបាន។ វាច្បាស់ ណាស់វាជាការបន្ថោកបន្ទាបរបបរាជា និយមប្រសិនបើអ្នកទៅឃោសនាថា ខ្ញុំជារាជានិយមប៉ុន្តែបែរជាអត់សំឡេងឆ្នោត»។
សម្តេចតេជោក៏បានបញ្ជាក់ដែរថា សម្តេចមិនជាប់សែស្រឡាយរាជវង្សនោះទេ ប៉ុន្តែសម្តេចជាអ្នកការពាររបបរាជា និយម ហើយបើមាននរណាម្នាក់ចង់រំលាយរបបរាជានិយមនេះ សូមកន្លងសពសម្តេច ជាមុនសិនទៅ ។
សម្ដេចតេជោបានថ្លែងបន្ថែមថា «ខ្ញុំ ប្រកាសម្ដងហើយម្ដងទៀត បើចង់រំលាយ រាជានិយមត្រូវកន្លងសព ហ៊ុន សែន សិន ព្រោះយើងនៅក្នុងក្របខ័ណ្ឌប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ សូម្បីតែរដ្ឋសភាក៏គ្មានសិទ្ធិធ្វើវិសោធនកម្មចំណុចនេះដែរ នេះជាការដាស់តឿនចំពោះអ្នកដែលបានប្រើប្រាស់រាជានិយមធ្វើជារបស់ផ្ដាច់មុខ។ សូមកុំយករាជានិយមធ្វើជារបស់ផ្ដាច់មុខ បើទោះបីខ្លួនជារាជវង្សក៏ដោយ។ កុំភ្លេច ថា បើគ្មានការការពាររបស់ប្រជាពលរដ្ឋ ហើយគ្មានការការពារដ៏ម៉ឺងម៉ាត់របស់រាជ រដ្ឋាភិបាលដែលចេញពីគណបក្សប្រជា ជនសួរថា តើរាជានិយម និងរាជវង្សនេះ អាចមានលទ្ធភាពនៅបានទេ?» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបាននាំយករបបរាជានិយមចូលកម្ពុជាជាថ្មីក្រោយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានថ្លែងបន្តថា «រាជានិយមជា របស់រួមមិនមែនជារបស់គណបក្សនយោ បាយណាមួយទេ ហើយខ្ញុំគឺជាមនុស្សម្នាក់ដែលឈរការពាររាជបល្ល័ង្កឈរការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែរ»៕ ហេង សូរិយា