ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបរិស្ថានខេត្តព្រះសីហនុបញ្ជាឲ្យអាជ្ញាធរកោះហៅស្រ្តីម្នាក់យកមកអប់រំរឿងចាក់សំរាមចោលបង្ហូរតាមទឹកពេលកំពុងភ្លៀង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុបានកោះហៅស្រ្តីម្នាក់ដែលយកសំរាមចាក់ចោលបង្ហូរតាមទឹកពេលកំពុងភ្លៀង ទៅអប់រំណែនាំដែលនេះជាគំរូដ៏អាក្រក់មួយសម្រាប់សង្គម ។

សកម្មភាពស្ត្រីម្នាក់ដែលចាក់សំរាមបង្ហូរលើផ្លូវតាមទឹកភ្លៀង ហើយត្រូវបានគេថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានមន្ទីរ បរិស្ថាន និងរដ្ឋបាលក្រុងព្រះសីហនុនាំស្ត្រីរូបនោះយកមកអប់រំណែនាំនៅសាលាក្រុងកាលពីវេលាម៉ោង៩យប់ថ្ងៃដដែលដោយស្ត្រីរូបនោះបានទទួលស្គាល់កំហុសហើយសុំទោសជាសាធារណៈ និងចុះកិច្ចសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះទៀត ។

ស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាក់សំរាមលើផ្លូវសាធារណៈឲ្យហូរទៅតាមទឹកភ្លៀង នោះមានឈ្មោះ ដា រ៉ែន អាយុ២៩ឆ្នាំ មាន ទីលំនៅខាងក្រោយផ្សារមាន់ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

តាមរយៈខ្សែវីដេអូឃ្លីបដែលមជ្ឈដ្ឋានក្នុងសង្គមហ្វេសប៊ុកបានសរសេរក្នុងប្រអប់បញ្ចេញមតិ (Comments) រិះគន់តិះដៀល យ៉ាងចាស់ដៃដោយបង្ហាញពីស្រីកញ្ជើធ្លុះបោះចោលសំរាមអនាធិបតេយ្យឲ្យហូរតាមទឹកពេលមានភ្លៀងម្តងៗនៅផ្លូវខាងក្រោយផ្សារលើ។ ពលរដ្ឋគ្រប់រូបគួរគប្បីចូលរួម រក្សាសណ្តាប់ធ្នាប់អនាម័យបរិស្ថានទាំង អស់គ្នា និងថាករណីបែបនេះមិនគួរយកជាគំរូឡើយ ។

មន្ត្រីរដ្ឋបាលសាលាក្រុងព្រះសីហនុ បានឲ្យដឹងថា ស្ត្រីរូបនោះបានទទួលស្គាល់ កំហុស និងបានសុំទោសជាសាធារណៈ ព្រមទាំងបានចុះកិច្ចសន្យាឈប់ប្រព្រឹត្ត ទង្វើអាក្រក់ចាក់ចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវ ឬតាមទីសាធារណៈបែបនេះតទៅទៀតនាថ្ងៃខាងមុខ ។

សូមបញ្ជាក់ថា ស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាក់សំរាមលើផ្លូវសាធារណៈឲ្យហូរទៅតាមទឹកភ្លៀងនោះឈ្មោះ ដា រ៉ែន អាយុ ២៩ឆ្នាំ មានទីលំនៅខាងក្រោយផ្សារមាន់ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងលិខិតសុំទោសនោះឈ្មោះ ដា រ៉ែន បាន សរសេរថា «សូមសន្យាចំពោះមុខអាជ្ញាធរ ក្រុងនិងមន្រ្តីបរិស្ថានថា ឈប់ចោលសំរាមឲ្យហូរដូចការបង្ហោះវីដេអូទៀតហើយ។ សូមកុំយកគំរូតាមខ្ញុំ» ៕ ហេង សូរិយា


ចែករំលែក៖