ភ្នំពេញ ៖ លោក សេង គន្ធ អភិបាលរង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យបានប្រើធម៌ក្តៅចុះ ទៅវាយកម្ទេចរបងថ្មមួយកន្លែង ដែល លោកឧកញ៉ា សុខ ហេង បានសាងសង់ រំលោភយកចំណីផ្លូវសាធារណៈមិនស្ដាប់តាមការណែនាំ និងការហាមឃាត់របស់ អាជ្ញាធរសង្កាត់ និងខណ្ឌដែលបានចុះរារាំងមិនឲ្យសាងសង់កាលពីពេលកន្លងទៅ ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ ១០៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
លោក សេង គន្ធ បានឲ្យដឹងថា របងថ្មដែលវាយកម្ទេចចោលនាពេលនេះមាន ទទឹងប្រវែង៦ម៉ែត្រនិងបណ្ដោយជាង៦៥ម៉ែត្រ កម្ពស់ជាង២ម៉ែត្រ ដែលលោក ឧកញ៉ា សុខ ហេង រឹងទទឹងសាងសង់ រំលោភយកចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទាំងគ្មានការទទួលស្គាល់ និង ឯកភាពពីសំណាក់អាជ្ញាធរខណ្ឌ សង្កាត់ និងភូមិឡើយ ។
អភិបាលរងខណ្ឌបានបន្តថា កំណាត់ ផ្លូវខាងលើនេះបានតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីភូមិក្បាលដំរី២ ឆ្ពោះទៅកាន់ភូមិ ត្រពាំងជ្រៃ សង្កាត់កាកាប២មានប្រវែង ជាង២គីឡូម៉ែត្រ ហើយក៏ជាគម្រោងផ្លូវ ចាក់ក្រាលបេតុងដែលឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន ផងដែរ ។
ដោយឡែកលោកឧកញ៉ា សុខ ហេង បានសាងសង់រំលោភយកទាំងកំរោល ហើយអាជ្ញាធរបានចុះហាមឃាត់តាំងពី ពេលចាប់ផ្ដើមសាងសង់ដំបូងម្លេ៉ះ។ ប៉ុន្តែ ឧកញ៉ាម្នាក់នេះមិនព្រមស្ដាប់រហូតសាលាខណ្ឌពោធិ៍សែនជ័យជូនដំណឹងឲ្យរុះរើក៏ មិនព្រមទៀតទើបពេលនេះគណៈបញ្ជាការឯកភាពខណ្ឌបានប្រើវិធានការក្តៅយកគ្រឿងចក្រទៅវាយកម្ទេចចោលតែម្ដង ។
ក្រៅពីនេះក៏នៅមានរោងដាក់កង់ម៉ូតូ១ខ្នងមានទទឹង៦ម៉ែត្រ និងបណ្ដោយជាង ១០០ម៉ែត្រដែលរោងចក្រកាត់ដេរមួយ បានសង់រំលោភយកដីចំណីផ្លូវដែរ។ ពេលនេះអាជ្ញាធរទុកពេលឲ្យ១៥ថ្ងៃដើម្បីរុះរើបើមិនដូច្នេះទេនឹងវាយកម្ទេចចោលតែ ម្ដង ។
ពាក់ព័ន្ធនឹងការវាយកម្ទេចរបងសង់ រំលោភដីផ្លូវសាធារណៈខាងលើនេះភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការបំភ្លឺពីលោកឧកញ៉ា សុខ ហេង បានទេកាលពីថ្ងៃ ម្សិលមិញ ៕ សុខាសែនជ័យ