ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត៣កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្តលឿនហើយបានគេចសត្វឆ្កែ ក៏ជ្រុលចង្កូតទៅបុក និងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាស្ថានស្តង់ដារកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហុងដា Fit ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2E 1468 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏មានសត្វឆ្កែមួយក្បាលរត់ឆ្លងផ្លូវទើបទាញចង្កូតមកខាងឆ្វេងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖