ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកព្រៃកប្បាសមានវង់ល្បែងធំៗ៣កន្លែងបើកបម្រើជូនអតិថិជន

ចែករំលែក៖

ប្រភពរាយការណ៍ថា យ៉ាងតិចវង់ល្បែងគ្រប់ប្រភេទ៣កន្លែង​កំពុងបើកដំណើរការយ៉ាងរលូនទាំងយប់ ទាំងថ្ងៃ គ្មានខ្លាចញញើតសមត្ថកិច្ចថ្នាក់ណាសូម្បីម៉ាតិចនោះឡើយ ។ ក្រុមអ្នកញៀនល្បែងនាំគ្នាសប្បាយចិត្តណាស់ ពីព្រោះមិនព្រួយបារម្ភខ្លាចសមត្ថកិច្ចបង្ក្រាបអី្វឡើយ ដោយសារម្ចាស់វង់ល្បែងទាំងនោះប្រាប់ថា បានបង់ប្រាក់ជូនគ្រប់ផ្នែកអស់ហើយ តាំងពីមូលដ្ឋានតូចតាច រហូតដល់ថ្នាក់លើមួយចំនួនដែលស្រេកឃ្លាន ។

វង់ល្បែង​ទាំងនេះ​ត្រូវប្រភពខ្សឹបថា មួយទីតាំង​បានកំពុងបើកដំណើរការនៅចំណុចភូមិ រកា ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកលេងទាំងយប់ទាំងថ្ងៃ យូរលង់មកហើយ ។ ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីអាជ្ញាធរបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសង​បែបនេះ​កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលគោលនយោបាយភូមិឃុំមានសុវត្ថិភាពកំពុងត្រូវបានពង្រឹង? ទីតាំងល្បែងមួយនេះ មានមេធំ ឈ្មោះ ឡេង បារាំង មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ជាអ្នកការ​កាងបទល្មើសនេះ​ ។ ឡេង បារាំង ជាមន្ត្រីនគរបាលផង និងជាអ្នកកាងបើកបនល្បែងស៊ីសងផ្ទុយនឹងច្បាប់ផង ។ បានន័យថា បុគ្គលម្នាក់នេះយកច្បាប់ទ្រាប់គូថអង្គុយហើយ តើថ្នាក់លើមានដឹងរឿងនេះដែរឬទេ ។

វង់ល្បែងមួយកន្លែងទៀត មានទីតាំងនៅចំណុចភូមិកាឈូក ស្រុកព្រៃកប្បាស ។ ទីតាំងនេះ​មិនខុសពីទីតាំងផ្សេងទៀតនោះទេ ក្រុមអ្នកញៀនល្បែងនាំគ្នាសស្រាក់សស្រាំចូលទៅសម្ងំលេង ស្រែកហ៊ោកញ្ជៀវទ្រហឹងអឹងកង ដោយមិនខ្វល់ពីការបង្ក្រាបអ្វីឡើយ ។ មេធំបនល្បែងមួយនេះ ត្រូវគេស្គាល់ឈ្មោះ ប៊ុន ជាមនុស្សសម្តីយកមេឃទ្រាំគូថអង្គុយ សុទ្ធតែអួតអាងហ៊ានធានាសុវត្ថិភាព១០០ភាគរយជូនអ្នកចូលមកលេងនៅបនល្បែងរបស់ខ្លួន ។ គេអួតទៀតថា បានបង់លុយគ្រប់ផ្នែក គ្រប់ស្ថាប័នអស់ហើយ ថ្នូរនឹងការមិនបង្ក្រាប ។

ដោយឡែក ទីតាំងល្បែងមួយកន្លែងទៀតដែលចាក់ស៊ីសងគ្នារាប់ពាន់ដុល្លារនោះ មានទីតាំងនៅចំណុចភូមិបាណូយ ឬផ្សារជ្រែ ស្រុកព្រៃកប្បាស ។ ទីកន្លែងបនល្បែងមួយនេះ បើកដំណើរយូរឆ្នាំមកហើយ ដុះស្លែ ចាក់ឫសជ្រៅ រឹងមាំ គ្មានសមត្ថកិច្ចថ្នាក់ណា អាចមកបំបែកបានឡើយ ។ ឈ្មោះ វី ជាមេបនល្បែងនៅទីនេះ មិនខ្វល់ មិនយល់អ្វីដែលគេហៅថា ភូមិ ឃុំមានសុវត្ថិភាពស្អីគេនោះឡើយ គឺគេយល់តែ​ធ្វើម៉េចឲ្យតែបានលុយច្រកចូលហៅប៉ៅ ។

គេឆ្ងល់ថា អាជ្ញាធរខេត្តតាកែវ​ពិតជាមិនដឹងថាមានបនល្បែងត្រូវបានគេបង្កើតឡើងនៅចំណុចខាងលើមែនឬ បានជាមិនដែលឃើញវត្តមានចុះបង្ក្រាបសូម្បីតែម្តងទាល់តែសោះ ។ ឬមួយ​ទទួលសំណែនពីម្ចាស់បនល្បែងទាំងនេះដែរ ថ្នូរនឹងការមិនបង្ក្រាបឬ? ពិតជាទង្វើដែលធ្វើឲ្យរាស្ត្រអស់សង្ឃឹមណាស់ តើអាជ្ញាធរទាំងនេះ​មានភារកិច្ចបម្រើរាស្ត្រ ឬបម្រើមេបនល្បែងស៊ីសង? ៕


ចែករំលែក៖