ព័ត៌មានទាន់ហេតុការណ៍៖

ថៃឃាត់រូបចម្លាក់រចនាបថ្មខ្មែរប្រគល់ឲ្យសមត្ថកិច្ចកម្ពុជានៅប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ រូបចម្លាក់ជាបដិមាករ និងរូបផ្សេងៗសរុប១២ដុំ ត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ថៃច្រកទ្វារអន្តរជាតិ ខ្លងលឹក ស្រុកអារញ្ញា ខេត្តស្រះកែវ ឃាត់ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នារសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ។

រូបចម្លាក់ពាក់ព័ន្ធ នឹងរចនាបទរបស់ខ្មែរនេះ សមត្ថកិច្ចថៃឃាត់បាន ខណៈស្ត្រីថៃម្នាក់ប្តីជនជាតិអង់គ្លេសជួលរទេះអូសចេញពីកម្ពុជាប្រុងយកទៅផ្ទះរបស់គេ ។

យ៉ាងណាក៏ដោយយោងការសួរនាំត្រួសៗពីអ្នកបកប្រែថៃនៅច្រកទ្វារអន្តរជាតិខ្លងលឹក ស្ត្រីជនជាតិថៃនោះប្រាប់ថា ខ្លួនទៅរស់នៅខេត្តសៀមរាបជាមួយប្តី៩ឆ្នាំហើយៗថារបស់របរទាំងអស់ ខ្លួនមិនបានដឹងថា ពាក់ព័ន្ធ នឹងអ្វី ឬជារបស់ហាមឃាត់ឡើយ ព្រោះជារបស់រើផ្ទះពីខ្មែរ ។

ស្ត្រីដដែលបន្តថា របស់ទាំងអស់គឺប្តីនាងជាអ្នករៀបចំដាក់កេះនាងមិនបានដឹងទេ ហើយនៅពេលនាំចូលដល់ដីថៃ សមត្ថកិច្ចឆែកឆេរ និងមានរូបចម្លាក់សង្ស័យទើបនាងដឹង ។

យ៉ាងណាក៏ដោយស្ត្រីរូបនេះនិយាយថា រូបចម្លាក់សង្ស័យទាំងនេះ បើយកទៅណាក៏យកទៅនាងមិនជំទាស់ទេ ។

នៅចំណុចកើតហេតុ គេឃើញនគរបាលអន្តោប្រវេសន៍ និងនគរបាលទេសចរក្រសួងប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានទៅទទួលរូបចម្លាក់សង្ស័យទាំងអស់មកកម្ពុជាវិញ ។

សមត្ថកិច្ចប្រាប់ថា រូបចម្លាក់ទាំងអស់ខ្លះធ្វើពីឈើ ខ្លះពីជ័រហើយក៏អាចជារបស់គេតាំងលម្អលំនៅដ្ឋានតែប៉ុណ្ណោះ ។

សមត្ថកិច្ចបន្តថា អាចដោយសាតែពាក់ព័ន្ធ នឹងរចនាបថ្មរបស់ខ្មែរ ទើបខាងថៃគេទប់ស្កាត់មិនឲ្យចូលប្រទេសរបស់គេ ។

សមត្ថកិច្ចបញ្ជាក់ថា រូបចម្លាក់សង្ស័យទាំងនេះក្រោយទទួលពីសមត្ថកិច្ចថៃគឺ នឹងយកទៅពិសោធន៍ និងប្រគល់ឲ្យជំនាញយកទៅរក្សាទុក ៕ វណ្ណា

 

 

 

 


ចែករំលែក៖