ព័ត៌មានទាន់ហេតុការណ៍៖

លោកកែវ​ ម៉ារ៉ាឌី​ រំលោភយកដីបឹងប្រាំរយត្រូវនគរបាលស្រុកស្អាងចុះធ្វើការបញ្ឈប់សកម្មភាពគ្រឿងចក្រ

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុក បានចុះធ្វើការហាមឃាត់បញ្ឈប់សកម្មភាពគ្រឿងចក្ររបស់លោក កែវ ម៉ារ៉ាឌី ដែលកំពុងធ្វើសកម្មភាពកាយទំនប់ទប់ហ៊ំព័ទ្ធយកដីបឹងប្រាំរយ មានទីតាំងស្ថិតក្នុងឃុំក្រាំងយ៉ូវនិងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល ។ ប្រតិបត្ដិការចុះហាមឃាត់មិនឲ្យគ្រឿងចក្រជីកព័ទ្ធទំនប់យកដីបឹងនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីផលប៉ះពាល់របស់ប្រជាពលរដ្ឋឃុំស្អាងភ្នំរាយការណ៍ជូនលោក អ៊ាវ ចំរើន ប្រធានគណៈពង្រឹងឃុំស្អាងភ្នំ នៅក្នុងវេទិការសាធារណៈមួយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋលើកឡើងពីផលប៉ះពាល់ នៃការលើកទំនប់ហ៊ំព័ទ្ធយកដីបឹងប្រាំរយពីសំណាក់លោក កែវ ម៉ារ៉ាឌី រួចមក លោក អ៊ាវ ចំរើន ប្រធានគណៈពង្រឹងឃុំស្អាងភ្នំ បានចេញបទបញ្ជាឲ្យកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកស្អាង សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលស្អាងភ្នំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ចុះធ្វើការត្រួតពិនិត្យទីតាំងបឹងប្រាំរយ ។ ជាលទ្ធផលកម្លាំងចម្រុះ បានសម្រេចធ្វើកិច្ចសន្យា និងហាមឃាត់គ្រឿងចក្រដាក់លើសាឡង់ឲ្យបញ្ឈប់សកម្មភាពជីក-កាយលើកទំនប់ហ៊ំព័ទ្ធយកដីបឹងជាបណ្ដោះអាសន្ន រហូតមានការអនុញ្ញាតពីអាជ្ញាធរជំនាញ និងអាជ្ញាធរមូលដ្ឋានសារជាថ្មីទើបឲ្យការដ្ឋានមួយនេះដំណើរការវិញបាន ។ បើមិនគោរពការណែនាំក្នុងកិច្ចសន្យា សមត្ថកិច្ចនឹងមានវិធានការតាមច្បាប់ជាធរមាន ។

គួរបញ្ជាក់ថា ដីបឹងប្រាំរយដែលជាសម្បត្ដិសាធារណៈនេះ មានផ្ទៃដីរាប់រយហិកតា ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយមន្រ្ដីជំនាញជលផល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ធ្វើការជីកកកាយដោយដាក់អិចស្កាវិចទ័រ(អាអ៊ិច) ដាក់លើសាឡង់ ដើម្បីលើកជាទំនប់ហ៊ំព័ទ្ធរំលោភយកដីបឹងប្រាំរយនេះ ធ្វើជាសម្បត្ដិផ្ទាល់ខ្លួន មិនបានគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញបឹងនោះឡើយ ។ បឹងប្រាំរយគឺជាបឹងធម្មជាតិ ដែលប្រជាពលរដ្ឋទទួលបានទឹកស្រោចស្របផលដំណាំខួបប្រាំងខួបវស្សា និងមួយផ្នែកទៀតបានផ្ដល់ឲ្យប្រជាពលរដ្ឋចូលទៅនេសាទដើម្បីចិញ្ចឹមក្នុងជីវភាពគ្រួសារ ឥឡូវនេះត្រូវបានក្រុមឈ្មួញជាច្រើននាក់មានដូចជា លោក កែវ ម៉ារ៉ាឌី និងក្រុមឈ្មួញមួយចំនួនទៀតឃុបឃិតគ្នាជាមួយអាជ្ញាធរដាក់គ្រឿងចក្រចុះមកធ្វើការលើកទំនប់ហ៊ំព័ទ្ធយកដីបឹងនេះ តើប្រជាពលរដ្ឋជាច្រើនគ្រួសារបានអ្វីរំពឹងនៅថ្ងៃមុខ…? ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំស្អាងភ្នំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ដកណ្ដាល ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងដែនរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងប្រជាពលរដ្ឋរស់នៅក្នុងដែនរដ្ឋបាលខេត្ដតាកែវ បានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ ពីសេសអាជ្ញាធរ មេត្ដាជួយពិនិត្យបិទអាជីវកម្មរបស់ក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពទាំងអស់នេះ ទុកបឹងប្រាំរយជាសម្បត្ដិសាធារណៈកុំបណ្ដោយឲ្យធ្លាក់ទៅលើដៃឈ្មួញ ប្រយោជន៍ទុកសម្រាប់ប្រជាពលរដ្ឋយកទឹកស្រោចស្របផលដំណាំ និងនេសាទជាលក្ខណៈគ្រួសារដម្បីចិញ្ចឹមគ្រួសារ ៕ ស្អាងជ័យ


ចែករំលែក៖