ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកគណបក្សប្រជាជន៖ កម្ពុជាឆ្លងកាត់ឧបសគ្គជាច្រើនក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ទើបថ្ងៃនេះទទួលបានសុខសន្ដិភាព

ចែករំលែក៖

ខេត្តកោះកុង៖ គណៈពង្រឹងមូលដ្ឋានស្រុកស្រែអំបិល បានថ្លែងថា៖ កម្ពុជាបានឆ្លងកាត់ឧបសគ្គជាច្រើនស្ទើរាប់មិនអស់ ក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋ ទំរាំមកដល់សព្វថ្ងៃនេះដោយក្នុងនោះបានផ្តល់សុខសន្តិភាព ស្ថេរភាពនយោបាយ យ៉ាងល្អប្រសើរ ទើបថ្ងៃនេះប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា និងការអភិវឌ្ឍទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ មានការរីកចម្រើនយ៉ាងខ្លាំងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។

នេះជាការលើកឡើងរបស់លោក លី សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចុះជួយអភិវឌ្ឍន៍ ឃុំស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុងដែល បានលើក ឡើងនៅក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធ វារី ការសំណេះណាលជាមួយពុទ្ធបរិស័ទ និងការប្រគេនថវិកា សំរាប់កសាងវត្តស្រែអំបិល កាលពីថ្ងៃចន្ឌ៥រោចខែជេស្ន ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី៤មិថុនា ឆ្នាំ ២០១៨។

លោកបានលើកឡើងថា៖ មុននឹងកម្ពុជាឆ្លងផុតពីសង្គ្រាម ដ៏រាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍ មកដល់សព្វថ្ងៃនេះ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានពុះពារគ្រប់ឧបសគ្គ ក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ ដោយធ្វើឲ្យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសានត្រាណ ពេញបរិបូរណ៍ ទាំងសិទ្ធក្នុងការរស់នៅ និងការប្រកបមុខរបផ្សេងៗ ទៀតជាដើម។

លោកបានបន្តថា៖ ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពហើយនោះ រាជរដ្ឋាភិបាលបានជម្រុញគ្រប់យុទ្ធសាស្រ្ត គ្រប់នីតិវិធី ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ប្រទេសជាតិដូចជា ផ្លូវ មានផ្លូវខ្វាត់ខ្វែង ជួយសម្រួលដល់ការធ្វើដំណើរបានកាន់ តែឆាប់រហ័ស មានស្ពាន មានវត្តអារាម ទីផ្សារនិងមានសាលារៀនស្ទើគ្រប់មូលដ្ឋាន។ ក្នុងគោលដៅនេះគឺដើម្បីបង្រលក្ខណៈងាយ ស្រួលដល់សិស្សានុសិស្ស ព្រោះប្អូនៗកុមារគឺជាទំពាងស្នងឬស្សីដែលមិនអាចខ្វះបាន ក្នុងការពង្រីកធនធានមនុស្សឲ្យកាន់តែ ប្រសើរ រួមគ្នាអភិឌ្ឍន៍មហាសាមគ្គី ដើម្បីឲ្យប្រទេសជាតិយើង មានការទទួលស្គាល់គ្រប់ផ្នែក នៅលើឆាកអន្តរជាតិ។

លោក លី សាម៉េត បានបញ្ជាក់ថា៖ ដោយសារមានសេចក្តីគោរពស្រលាញ់យ៉ាងខ្លាំង និងស្មោះត្រង់ជានិច្ច មកលើសម្តេចតេជោ ហ៊ុន សែន និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ឲ្យប្រជាពលរដ្ឋទទួលបាន គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ ៗនោះរូបលោកផ្ទាល់បាន ចំណាយថវិកាផ្ទាល់ខ្លួនជាង ៤០០លានរៀល ក្នុងការចូលរួមអភិវឌ្ឍន៍ទៅលើវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ នៅក្នុង ឃុំស្រែអំបិល និងឃុំដងពែង ។ ការអភិវឌ្ឍន៍ទាំងអស់ខាងលើនោះសម្រាប់វិស័យអាណាចក្ររួមមាន ការជួយសាងសង់ស្នាក់ការគណបក្សប្រជាជន កម្ពុជា ការស្ថាបនាផ្លូវគ្រួសក្រហម ចាក់ដីបំពេញដើម្បីសាងសង់ប៉ុស្តិ៍រដ្ឋបាលដងពែង ។ ចំណែកនៅក្នុងវិស័យពុទ្ធចក្រ បានជួយអភិវឌ្ឍន៍កើតចេញសមិទ្ធផលនានាជាច្រើនទៀត ព្រោះវិស័យទាំងពីរនេះ មានសារៈសំខាន់ណាស់ ដើម្បីជាប្រយោជន៍យើងគ្រប់ៗគ្នា៕ សំរិត


ចែករំលែក៖