ភ្នំពេញ៖ បុរស២នាក់បាននាំគ្នាមកអង្គុយផឹកស្រាបៀរ ដែលគេដាក់លក់ដូរនៅតាមចិញ្ចើមផ្លូវហើយបានដាក់ដាវសាំម៉ូរ៉ៃលាក់ខាងក្រោមតុពេលសមត្ថកិច្ចប្រទះឃើញឃាត់នាំខ្លួនទៅសាកសួរ ។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើទី១មាន ឈ្មោះ ព្រុំ ម៉ារុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរផ្សារដែក ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្វាយរៀង ខេត្តស្វាយរៀង ។ ជនសង្ស័យទី២មានឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីនារីម្នាក់ជាអ្នកលក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ដើរ ហើយម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកToday ពណ៌ទឹកសមុទ្រ ជិះមកដល់កន្លែងតុ ដែលគាត់លក់ ហើយហៅស្រាផឹកជាមួយជនសង្ស័យម្នាក់ទៀត ខណ: ដែលអង្គុយផឹកស៊ីភ្លាមៗរូបនាងមិនបានចាប់អារម្មណ៍ថា ដាវទេ ទាល់តែសមត្ថកិច្ចមកដល់ទើបភ្ញាក់ផ្អើល ។
សមត្ថកិច្ចបានបន្តទៀតថា មុនឈានចូលដល់ការឃាត់ខ្លួនកម្លាំងនគរបាលបានល្បាតក្នុងមូលដ្ឋាន ខណះមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យទាំង២នាក់ដោយមានការសង្ស័យទើបសុំឆែកឆេស្រាប់តែរកឃើញដាវសាំម៉ូរ៉ៃនៅខាងក្រោមតុទើបឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថាដាវទាំងនោះជារបស់ពួកគេ ។
ក្រោយមកសមត្ថកិច្ចបានប្រាប់ឲ្យអ្នកលក់គិតលុយថ្លៃផឹកស៊ីអស់ចំនួន១៥០០០រៀល តែជនសង្ស័យទាំង២នាក់មានលុយតែ៤០០០រៀលប៉ុណ្ណោះ នៅខ្វះ១១០០០រៀលទៀត ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានឃាត់ខ្លួន ដើម្បីសាកសួរបន្តនិងចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ