ភ្នំពេញ៖ បុរសម្នាក់បានជួសជុលម៉ូទ័របូមទឹកមិនប្រយ័ត្នក៏ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នៅក្នុងយានដ្ឋានជួសជុលរថយន្តស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលស្លាប់ខាងលើឈ្មោះ អ៊ុង សុខឿន អាយុ៣៥ឆ្នាំមុខរបរ បើកបររថយន្ត មានទីលំនៅក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយសព្វថ្ងៃស្នាក់កន្លែងកើតហេតុខាងលើ ចំណែកបុរសម្នាក់ទៀតមិនស្គាល់ឈ្មោះ ត្រូវចរន្តអគ្គីសនីឆក់ដែរ ប៉ុន្តែមិនស្លាប់ រងរបួសស្រាលប៉ុណ្ណោះ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ បុរសខាងលើបានជួសជុលម៉ូទ័រសម្រាប់បូមទឹកបាញ់លាងរថយន្ត ព្រោះតែម៉ូទ័រនោះចេញទឹកតិចពេក ។ ប៉ុន្តែពេលជួសជុលមិនបានដកឌូយចេញពីព្រី បិទកុងតាក់ជាមុនសិនទេ ហើយក៏មិនបានដឹងថាម៉ូទ័រនោះឆ្លងភ្លើងដែរ ខណៈដែលគាត់យកដៃទៅកាន់ម៉ូទ័រនោះ ក៏ស្រាប់តែត្រូវបានចរន្តអគ្គីសនីឆក់បណ្ដាលឲ្យដួលដេកនៅនឹងកន្លែង ចំណែកបុរសដែលជាអ្នករួមការងារម្នាក់ទៀតរបួសស្រាល។
បន្ទាប់មកមិត្តភក្ដិរួមការងារបានរត់ទៅដកឌូយចេញព្រមទាំងដឹកយកបុរសនោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលបានចម្ងាយប្រមាន៣គីឡូម៉ែត្រ មិនទាន់ដល់ពេទ្យផងគាត់ ក៏បានស្លាប់ទើបដឹកសពត្រឡប់ក្រោយវិញ ហើយរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យដើម្បីយកសពទៅធ្វើបុណ្យនៅស្រុកកំណើត ៕ សុខាសែនជ័យ