ខេត្តព្រះសីហនុ៖ ថ្ងៃថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកវរៈសេនីយត្រីហួ យ៉ៃអធិការរងស្រុកព្រៃនប់ សហការជាមួយ នគរបាលប៉ុស្តិ៍ព្រៃនប់ ប៉ុស្តិ៍អូរឧកញ៉ាហេង ប៉ុស្តិ៍រាម និងប៉ុស្តិ៍បិតត្រាង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ធវៈ។
ជនសង្ស័យឈ្មោះសាក់ ឡា ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតភូមិស្ទោង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកម្មករសំណង់នៅក្រុមហ៊ុនចិន ខាងកើតឃ្លាំងប្រេងភីធីធី ក្នុងមូលដ្ឋានរាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានរំលោភជនរងគ្រោះឈ្មោះវ. ស.ម អាយុ១៦ឆ្នាំ មានស្រុកកំណើត ខេត្តព្រៃវែង ដោយ រំលោភបានសម្រេចម្ដង។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ចាប់រំលោភនេះកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើអគាររបស់ក្រុមហ៊ុនចិន ។ សមត្ថកិច្ចបញ្ជាក់ថា រវាងជនសង្ស័យនិងជនរងគ្រោះបានស្គាល់គ្នារយៈពេលកន្លះខែ ហើយជនសង្ស័យបានបបួលជនរងគ្រោះទៅស៊ីផឹកនៅលើអគារ ដោយជនរងគ្រោះមានគ្នា២នាក់ ហើយជនសង្ស័យមានគ្នា២នាក់ បន្ទាប់ពីបានផឹកស៊ីរហូតដល់ម៉ោង២២ជាងស្រវឹងរៀងៗខ្លួន ជនសង្ស័យក៏បានគ្រាហ៍ជនរងគ្រោះចូលទៅបន្ទប់ រួចចាប់រំលោភ ឯអ្នកផឹកស៊ីជាមួយ បានបែកគ្នាអស់។
លុះមកដល់ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១០នាទី ទើបជនរងគ្រោះ យករឿងរ៉ាវទៅប្រាប់ម្តាយរបស់ខ្លួន ហើយម្តាយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់នគរបាល ទើបឈានដល់ការចាប់ខ្លួនជនសង្សយ័ដើម្បីចាត់ការទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ