ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទី១បុកម៉ូតូដួលជនរងគ្រោះលើថ្នល់ រថយន្តទី២មកដល់កិនថែមពីលើស្លាប់ និងរងរបួស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីម៉ោង ៧និង៣០នាទីយប់ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅលើដងផ្លូវ១៤៩C ត្រង់ចំណុចអូរត្រេះ ស្ថិតនៅក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយ រថយន្ត១គ្រឿង មិនស្គាល់ម៉ាក (បើករត់គេចបាត់) មានទិសដៅ ពីត្បូង ទៅ ជើង បានបុកប៉ះនឹងម៉ូតូ១គ្រឿង ម៉ាក PulSav ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កែវ នេន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិត្រពាំងលាន ឃុំត្រពាំងលាន ស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នករួមដំណើរ ម្នាក់ ឈ្មោះ ឡុង ណាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅ ដូចគ្នា ។

សមត្ថកិច្ចឲ្យដឹងបន្តថា ក្រោយរថយន្តទី១ បុករួចហើយនោះ ពេលជនរងគ្រោះដួលលើផ្លូវ ក៏ស្រាប់តែមានរថយន្តធំ ១គ្រឿង ប្រភេទក្រឡុកស៊ីម៉ងត៍ ដែលមានទិសដៅ ស្របគ្នានឹងម៉ូតូជនរងគ្រោះ បានកិនក្បាលជនរងគ្រោះ ឈ្មោះ កែវ នេន បែកខ្ទេច បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចបើករថយន្តគេចខ្លួនបាត់ (មិនស្គាល់ម៉ាក) ។

សមត្ថកិច្ចបញ្ជាក់ថាករណីនេះបណ្តាលឲ្យស្លាប់មនុស្ស ១នាក់ (កែវ នេន ) និងរងរបួសធ្ងន់១នាក់ (ឡុង ណាក់ ) បញ្ជូនមកព្យាបាលនៅគ្លីនិចមិត្តភាពឃ្លាំងលើ ។

រីឯវត្ថុតាងម៉ូតូ១គ្រឿងខូចខាតកំរិតស្រាលយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖