ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅខេត្តឈុនបុរី

ចែករំលែក៖

ប៉ោយប៉ែត ៖ ពលករខ្មែរ ឆ្លងដែនទៅធ្វើការនៅឯប្រទេសថៃត្រូវខ្សែចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈដែលជនរងគ្រោះ បានលូនចូលទៅឆ្កឹះយកបាលដែលបានរត់ចូលទៅក្រោមបន្ទប់ស្នាក់នៅរបស់កម្មករ ហើយបានប៉ះទៅនឹងជញ្ជាំងស័ង្កសី ដែលមានចរន្តឆ្លង បណ្តាលឲ្យឆក់តែម្តង ។

យោងតាមរបាយការណ៍ដែលយើងទទួលបានគឺ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤ និង ៣០ នាទី ល្ងាច ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ ត្រង់ចំណុចក្បែផ្លូវសុខុមវីត ស្ថិតក្នុងភូមិ ៧ ឃុំបានកៅ ស្រុកផានថង ខេត្តឈុនបុតី ប្រទេសថៃ ។សាក្សីម្នាក់ឈ្មោះ ណាន ធៀនតឿ ភេទប្រុស អាយុ៣២ឆ្នាំ ជាពលករខ្មែរដូចគ្នា ដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកបាននិយាយថា ថ្ងៃកើតហេតុគឺជាថ្ងៃឈប់សម្រាកពីការងាររបស់ពលករគ្រប់រូប ក៏ដូចជាមន្ត្រីរាជការដែរ ។

នៅល្ងាចនោះ ជនរងគ្រោះ ដែលមានឈ្មោះ កង កឿយ ភេទប្រុស អាយុ២៣ឆ្នាំ ជាមួយនឹងមិត្តភក្តិជាច្រើនរូប បាននាំគ្នាលេងបាល់ទះនៅនឹងវាលមួយកន្លែង ក្បែកន្លែងសម្រាករបស់ពលករខ្មែរ ។

សាក្សីបានបន្តថា នៅពេលនោះដែរ បាល់បានខ្ទាតរត់ចូលទៅក្រោមកន្លែងបន្ទប់សម្រាកទើបជនរងគ្រោះបានយកឈើលូកចូលទៅឆ្កឹះតែមិនដល់បាល់ ហើយគេក៏បានលូនចូលទៅបន្ថែមទៀត ដែលនៅពេលនោះដើមដៃ របស់ជនរងគ្រោះបានប៉ះទៅនឹងជញ្ជាំងស័ង្កសីស្រាប់តែជនរងគ្រោះប្រកាច់រួចបាត់មាត់ស្តូកស្តឹងនៅក្បែជណ្ជាំងនោះតែម្តង ទើបធ្វើឲ្យមានការឆោរឡោឡើង នៅពេលនោះដែរក៏មានតម្រួតចុះមកពិនិត្យភ្លាមៗទៅលើទីតាំងកើតហេតុ ដោយបានរកឃើញថា នៅខាងលើដំបូលនៃបន្ទប់ស្នាក់នៅរបស់កម្មករឆ្លងដែនមានខ្សែភ្លើងរត់កាត់ពីលើហើយនៅជាប់នឹងស័ង្កសីតែម្តង លុះពេលមានខ្យល់បក់មកប៉ះធ្វើឲ្យខ្សែភ្លើងនោះមុតនឹងស័ង្កសី និងដាច់សំបកឆ្លងចរន្តទៅនឹងស័ង្កសីដោយមិនមាននរណាដឹងទាល់តែសោះ។

ក្រុមតម្រួតបានហៅអ្នកគ្រប់គ្រងទីតាំងនេះ មកសួននាំ និងធ្វើការស្រាវជ្រាវ រកមុខអ្នកដែលតខ្សែភ្លើងដើម្បីនាំខ្លួនទៅកាន់អធិការដ្ឋាន និងទទួលទោសទៅតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖