ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តលក់ទឹកកអនាម័យបែកកង់មុខរេចង្កូតធ្លាក់ប្រឡាយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទឹកកកអនាម័យគ្រប់ប្រភេទមួយគ្រឿង បានបែកកង់មុខខាងឆ្វេងហើយជ្រុលចង្កូតធ្លាក់ចូលប្រឡាយរងការខូចខាតរថយន្ត តែមិនគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៥១ភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តលក់ទឹកកកអនាម័យដែលធ្លាក់ប្រឡាយទឹកម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A 5403 អ្នកបើកមិនត្រូវបានបញ្ចេញឈ្មោះនោះទេ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកតាមបណ្តោយផ្លូវ១៥១ ទិសដៅពីលិចទៅកើត គោលបំណងទៅដឹកទឹកកកអនាម័យ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខខាងឆ្វេង ក៏បណ្តាលឲ្យរេចង្កូតចូលប្រឡាយទឹកតែម្តង ។

ភ្លាមៗអ្នកបើករថយន្តបានលូនចេញដោយពុំរងរបួសនោះទេ ។ ចំណែករថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ ក្រោយកើតហេតុអ្នកបើករថយន្តបានទាក់ទងរថយន្តស្ទូចមកស្ទូចរថយន្ត ដើម្បីយកទៅជួសជុលដោយខ្លួនឯង ៕ ព្រែកជ័យ


ចែករំលែក៖