ព័ត៌មានទាន់ហេតុការណ៍៖

ប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង៥០០គ្រាប់ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសតាលោ មន្រ្តីអង្កការហេឡូត្រាស ចុះសហការស្រាវជ្រាវជាមួយប្រជាពលរដ្ឋ ប្រមូលកាកសំណលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានប្រមាណជាង ៥០០គ្រាប់ ដែលបន្សល់នៅកាលពីសម័យសង្គ្រាមដ៏រ៉ាំរ៉ៃនៅប្រទេសកម្ពុជា។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទួលជ្រាវ ភូមិរហាទិល និងភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា គ្រាប់ទាំងនេះសមត្ថកិច្ចនគរបាលបានសហការជាមួយប្រជាពលរដ្ឋ ទើបប្រមូលបានជាបន្តបន្ទាប់ដែលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បន្សល់នូវសម័យសង្គ្រាមដ៏រ៉ាំរ៉ៃនៅប្រទេសកម្ពុជា ហើយកាកសំណល់ខាងលើនេះប្រមូល នៅភូមិទួលជ្រាវចំនួន ០១គ្រាប់ នៅភូមិរហាលទិលចំនួន ០២គ្រាប់ និងនៅភូមិតាំងគោកចំនួន ០៣គ្រាប់ រួមទាំងប្រមូលគ្រាប់អាការចំនួន ៥១៩គ្រាប់ថែមទៀតផងដែរ។

លោក វរសេនីយ៍ឯក អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបន្តទៀតថា ទន្ទឹមនោះដែរ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រោះវាអាចបង្កឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតគ្រាប់ពេលវេលា ហើយប្រសិនបើជួបប្រទះឃើញត្រូវផ្តល់ព័ត៌មានជាបន្ទាន់ ដើម្បីសមត្ថកិច្ចសហការជាមួយមន្រ្តីអង្គការហេឡូត្រាស់ចុះទៅប្រមូលដើម្បីបញ្ជៀសបាននូវការគ្រោះថ្នាក់នេះ ហើយកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់ដែលប្រមូលបានខាងលើ យើងបានប្រគល់ឲ្យមន្រ្តីជំនាញ(ហែលឡូត្រាស)ដើម្បីចាត់ការបន្តតាមបច្ចេកទេស ៕ ប៉ឹម ពិន


ចែករំលែក៖