ភ្នំពេញ ៖ នារីម្នាក់ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធភ្ជង់ប្លន់ យកម៉ូតូហុងដាស៊េរីឆ្នាំ២០០៧ គេចខ្លួនបាត់ដោយសុវត្ថិភាពដោយមិនរំខានទៅដល់សមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពញ ។
តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពញ 1 2257 ដោយមិនចាំអក្សរខាងមុខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូងឡើងស្ពានអាកាសស្ទឹងមានជ័យបំណងទៅផ្ទះនៅម្តុំផ្សារដើមថ្កូវខណះមកដល់ចំណុចពាក់កណ្តាលស្ពានអាកាសស្ទឹងមានជ័យស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូនិកមួយគ្រឿងមិនចាំស្លាកលេខ និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមកគៀឲ្យឈប់រួចគំរាមបាញ់សម្លាប់ និងប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុមានបុរសម្នាក់មកជួបក៏ជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ហើយក៏សមត្ថកិច្ចបាននាំនារីរងគ្រោះមកចង្អុលបង្ហាញទីតាំងកើតហេតុ ភ្លាមៗនោះក៏បានដឹកជូនទៅផ្ទះជនរងគ្រោះបាត់ទៀត ដោយមិននាំទៅដាក់ពាក្យបណ្តឹង សង្ស័យគេចពីក្រុមអ្នកព័ត៌មាន រឺខ្លាចមិនចង់ឲ្យផ្សព្វផ្សាយ ព្រោះខ្លាចល្បីប៉ុស្តិ៍ ដែលសំបូរណាស់នូវករណីប្លន់ តែមិនដែលបង្ក្រាបបានសូម្បីតែម្តង ។
ប្រជាពលរដ្ឋកំពុងតែភ័យខ្លាចនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ដែលពោរពេញទៅដោយក្រុមចោរឆក់ ប្លន់ គាស់ផ្ទះជាដើម ៕ ភារ៉ា ដង្កោ