ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម១៣នាក់ ចូលឆ្លងដែន និងធ្វើការងារក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យមើលជនបរទេស ជាក់ស្តែងសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ដែលឆ្លងដែនមករស់នៅ និងធ្វើការងារក្នុងទឹកដីប្រទេសកម្ពុជា គ្មានឯកសារត្រឹមត្រូវ ចំនួន១៣នាក់ ។

ក្នុងប្រតិបត្តិការណ៍នេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ចំនួន២ទីតាំង បានពិនិត្យឃើញជនជាតិវៀតណាម សរុបចំនួន១៣នាក់ (ស្រី៧នាក់) ។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងចុះត្រួតពិនិត្យខាងលើនេះ៖ ទី១-ស្ថិតនៅផ្ទះលេខ៨១ ផ្លូវលេខ២៤៧ ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រកឃើញជនជាតិវៀតណាម ចំនួន១១នាក់ (ស្រី៦នាក់) ។ នឹងទីតាំងទី២- ផ្ទះលេខ៧៦A ផ្លូវលេខ២៤៧ ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រកឃើញជនជាតិវៀតណាម ចំនួន២នាក់(ស្រីម្នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។

ក្រោយប្រតិបត្តិការជនជាតិវៀតណាមទាំង១៣នាក់នោះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ស តារា


ចែករំលែក៖