ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូគេចពីមនុស្សជាអ្នកថ្មើរជើងម្នាក់ឆ្លងផ្លូវដួលបណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្នបានគេចមនុស្សមានសតិមិនគ្រប់ជាអ្នកថ្មើរជើងម្នាក់ឆ្លងផ្លូវ បណ្ដាលឲ្យដួលធ្វើឲ្យស្រ្ដីម្នាក់ជាអ្នករួមដំណើរទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីថ្ងៃពុធ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខវិទ្យាល័យហ៊ុនសែន លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ស្រ្ដីរងគ្រោះស្លាប់មានឈ្មោះ ឆាយ គឹមសាន ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល (ជាអ្នករួមដំណើរ) រីឯម្នាក់ទៀតជាអ្នកឌុបមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន) ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Z-5781 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដាវ៉េវខាងលើ ជិះតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានឌុបស្រ្ដីរងគ្រោះពីក្រោយ ជិះស្ថិតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុអ្នកជិះម៉ូតូបានគេចពីមនុស្សដែលមានសតិមិនគ្រប់ជាអ្នកថ្មើរជើងម្នាក់ដើរឆ្លងផ្លូវ បណ្ដាលឲ្យដួលធ្វើឲ្យស្រ្ដីរងគ្រោះជាអ្នករួមដំណើរពីក្រោយទទួលរងរបួសធ្ងន់ រីឯអ្នកជិះម៉ូតូបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។ ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសលស្រ្ដីរងគ្រោះបានដាច់ខ្យល់ស្លាប់ ខណៈដល់មន្ទីរពេទ្យ ។ ចំណែកឯម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖