ព័ត៌មានទាន់ហេតុការណ៍៖

ទើបត្រឡប់មកពីប្រទេសឡាវបុរសម្នាក់លោតទឹកស្រះសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោពីសំណាក់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាននាំគ្នាជួយសង្គ្រោះបុរសម្នាក់ដែលលង់ទឹកស្រះស្លាប់កាលពីថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៧ព្រឹក នៅចំណុច ភូមិ បន្ទាយ  ឃុំកណ្តៀងរាយ  ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលសង្ស័យសរសៃប្រសាទមានឈ្មោះ ចន្ទ្រ អរុន អាយុ៣១ ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ (ប្រទេសឡាវ) មានទីលំនៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ។
បើតាមក្រុមគ្រួសារបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់គឺទើបត្រឡប់មកពីប្រទេសឡាវ ដោយមានមុខរបរបុគ្គលិកកាស៊ីណូ ។
ប្រភពបន្តថា មូលហេតុដែលត្រឡប់មកពីប្រទេសឡាវវិញ ដោយសារតែកូនគាត់គឺមានជំងឺព្យាបាលមិនជាសោះ(សរសៃប្រសាទ)ម្ដងដឹងខ្លួនម្ដង ស្រែកឡូឡាតែម្នាក់ឯង និយាយមិនដឹងខុសត្រូវ ។
ដោយនៅមុនកើតហេតុនៅពេលព្រឹក គាត់ជាប់រវល់ទៅខាងក្រៅផ្ទះ ប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថា កូនគាត់បានលោតទឹកស្រះសម្លាប់ខ្លួននៅក្រោយផ្ទះ ទើបប្រញាប់ប្រញាលស្រែកហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសលយឺតពេលទៅហើយ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យសាកសពឃើញថា មិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាដកម្ម ទើបសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

ចែករំលែក៖