ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់ប្រើកាំបិតភ្ជង់ប្លន់នារីម្នាក់យកមាស៣តម្លឹង និងប្លាទីន១តម្លឹង

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យមានគ្នា២ នាក់ពាក់មួកសុវត្ថិភាពបិទម៉ាស់មុខ និង ពាក់វ៉ែនតាខ្មៅបានយកកាំបិតចុងស្រួច ប្រវែងប្រហែល៤០សង់ទីម៉ែត្រភ្ជង់កនារីម្នាក់ ហើយគំរាមឲ្យដោះយកខ្សែកនិងចាក់សោទូយកគ្រឿងអលង្ការអស់មាស៣ តម្លឹង និងប្លាទីន១តម្លឹង ។

នារីរងគ្រោះឈ្មោះ អាន ចន្ធី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើម្ហូបការ រស់ នៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីបានរៀបរាប់ថា នៅវេលាម៉ោង៦និង១៣នាទីយប់ថ្ងៃអាទិត្យ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលគាត់កំពុងនៅផ្ទះ ម្នាក់ឯង ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងពាក់ វ៉ែនតាខ្មៅបានយកកាំបិតចុងស្រួចប្រវែងប្រហែល៤០សង់ទីម៉ែត្រមកភ្ជង់គាត់ ហើយគំរាមដោះយកខ្សែក និងចាក់សោ ទូយកគ្រឿងអលង្ការអស់មាស៣តម្លឹង និងប្លាទីន១តម្លឹង ។

នារីរងគ្រោះបានបន្តថា គ្រឿងអលង្ការ ដែលជនសង្ស័យប្លន់យកទៅនោះរួមមាន ខ្សែកមាស១ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស ១ខ្សែទម្ងន់១តម្លឹង ចិញ្ចៀនត្រាមាស១វង់ ទម្ងន់១តម្លឹង និងកងដៃធ្វើអំពីប្លាទីន២ឈុត ១៦កងស្មើ១តម្លឹង ប្រាក់ចំនួន៣៥០.០០០ រៀល ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនចេញតាមទ្វារក្រោយបាត់។ បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌកម្រិត ធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាន ក្រុង និងកម្លាំងប៉ុស្ដិ៍កំពុងស្រាវជ្រាវតាម ចាប់ខ្លួនជនសង្ស័យ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖