ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡេកមើលការងារសង្គម និងសិល្បៈរបស់អារីយ៉ា មុនពេលធ្លាក់ខ្លួនឈឺ

ចែករំលែក៖

ភ្នំពេញ៖ ព័ត៌មាននានាជុំវិញការធ្លាក់ខ្លួនឈឺ របស់តារាសម្តែង និងពិធីការិនី អារីយ៉ា បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជន និងក្នុងចង្កោមអ្នកសិល្បៈ។ មុនពេលធ្លាក់ខ្លួនឈឺរហូតចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់គួរឲ្យអាសូរ អាលីយ៉ា ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ បូករួមទាំងការងារសប្បុរសធម៌ជាហូរហែរ។
អំឡុងខែមិថុនាឆ្នាំ២០១២ អាលីយ៉ា បានធ្វើផ្តើមគំនិតក្នុងការប្រមូលថវិកាមួយចំនួនពីមិត្តរួមអាជីព និងក្រៅរង្វង់សិល្បៈ ដើម្បីជូនដល់វីរៈសិល្បករចាប៉ីដ៏ល្បីល្បាញលោកតាភិរម្យប្រាជ្ញឈួន។ នាងក៏បានដឹកនាំអ្នកសិល្បៈ និងក្រុមការងារមួយចំនួនចុះទៅសាកសួរសុខទុក្ខ វីរៈសិល្បករខាងលើដោយផ្ទាល់ដល់ស្រុកកំណើតភូមិសម៉ឃុំខ្វាវស្រុកទ្រាំងខេត្តតាកែវ។ អ្វីដែលគេកាន់តែដោតសរសើអំពីទឹកចិត្តនាងគឺក្នុងអំឡុងខែកក្កដាឆ្នាំ២០១២នាងក៏បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងទស្សនីយភាពសិល្បៈដ៏ធំមួយ នៅសាលមហោស្រពចតុមុខមានឈ្មោះថា«តន្រ្តីមនុស្សធម៌រៃអង្គាសប្រាក់ជួយកុមារកំព្រា»។ គេក៏ចាប់អារម្មណ៍ទៅលើសកម្មភាពនៃការចូលរួមដោយស្ម័គ្រចិត្តរបស់តារាស្រីរូបនេះជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនឆ្នាំបន្តបន្ទាប់គ្នាផងដែរ។
មុនពេលបាត់មុខពីការងារសិល្បៈផងដែរកាលពីអំឡុងចុងខែកញ្ញា ឆ្នាំ ២០១៦ តារាស្រីរូបនេះធ្លាប់បានចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុនដើម្បីរកថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នៅមានសកម្មភាពសង្គមជាច្រើនទៀតដែលតារាស្រីរូបនេះធ្លាប់បានចូលរួមចំណែកជាមួយសិល្បករដទៃជួយដល់សង្គម។
ជីវិតនាងចាប់ផ្តើមប្រែប្រួលក្រោយពីនាង រងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេលជាង២ឆ្នាំមកហើយហើយពេលនេះនាងនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ក្រៅពីរងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ នាងក៏ត្រូវបានគេរំលោភយកហាងលក់ដូរសម្លៀកបំពាក់បូករួមទាំងសម្ភារៈក្នុងហាងជាច្រើនរហូតធ្វើឲ្យនាងកាន់តែបាត់បង់អស់ទីពឹងមួយផ្នែកធំ ។ នាងក៏នៅតែបន្តប្រឹងប្រែងបន្តសកម្មភាពសិល្បៈ និងធ្វើខ្លួនជាមនុស្សរឹងមាំម្នាក់ដោយមិនចុះចាញ់នឹងវិបត្តិផ្លូវចិត្ត និងការមាក់ងាយជាច្រើន ។ ប៉ុន្តែការប្រឹងប្រែងរបស់នាងកន្លងមកហាក់មិនអាចទប់ទល់នឹងរឿងរ៉ាវជាច្រើនបន្តបន្ទាប់ ។ ការខ្វះខាត់មុខក្រោយ ជំងឺផ្លូវចិត្ត បានរុញច្រានឲ្យជីវិតនាងកាន់តែដុនដាបរហូតធ្លាក់ខ្លួនឈឺស្វិតដៃជើង និងជំងឺរលាកទងសួតកាន់តែខ្លាំង រហូតនាងសុខចិត្តរស់នៅក្នុងទីស្ងប់ស្ងាត់ មិនភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។
អាលីយ៉ា នៅតែសង្ឃឹមថា យុត្តិធម៌នឹងមិននៅឆ្ងាយពីនាងនោះទេ ហើយនាងក៏ជឿដែរថាទេវត្តាពិតជាមានភ្នែកមើលឃើញពីទុក្ខលំបាករបស់នាង ផ្តល់ឲ្យនាងនូវពន្លឺជីវិតវិញជាថ្មីនៅថ្ងៃខាងមុខ៕ វឌ្ឍនា

ចែករំលែក៖