ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើយ ក្រោយពីកូនៗដើររក បានប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់អណ្ដែតទឹកក្នុងរណ្ដៅខ្សាច់ នៅចំណុចភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។
សាកសពជនរងគ្រោះមានឈ្មោះ ញ៉ លន់ ភេទប្រុសអាយុ៥៦ ឆ្នាំមុខរបរ កសិករ មានប្រពន្ធឈ្មោះ ញឹម វី ភេទស្រី អាយុ៥៥ឆ្នាំមុខរបរ កសិករ មានទីលំនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ ទាំង២នាក់ប្ដីប្រពន្ធ ។
យោងតាមសម្ដីស្ដ្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះរូបគាត់បានយកកូនប្រុសពៅរបស់គាត់ទៅបំបួស(បួសជាព្រះសង្ឃ) នៅវត្ដភ្នំឧត្ដុង ហើយមិនបានឲ្យជនរងគ្រោះជាប្ដីទៅជាមួយទេដោយឲ្យនៅផ្ទះជាមួយកូនៗ លុះដល់ថ្ងៃទី២៤ ខែឆ្នាំដដែលរូបគាត់ក៏បានត្រលប់មកវិញ ស្រាប់តែកូនៗបានប្រាប់គាត់ថា មិនឃើញឪពុកតាំងពីម៉ោង៦ព្រឹកម្លេះ ហើយគាត់ក៏បាននាំកូនដើររកគ្រាប់ទីកន្លែង តែមិនឃើញឡើយ រហូតមកដល់ព្រឹកថ្ងៃកើតហេតុរូបគាត់ក៏បានទៅប្រាប់បងស្រីបង្កើតរបស់ជនរងគ្រោះឲ្យជួយដើររក ហើយបងស្រីបង្កើតបានដើររកដល់កន្លែងរណ្ដៅដី ក៏ប្រទះឃើញសាកសពប្អូនរបស់គាត់អណ្ដែតទឹកក្នុងរណ្ដៅដីធំក្លិនស្អុយបាត់ទៅហើយ ។
ភ្លាមៗ ស្ដ្រីជាប្រពន្ធបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ សមត្ថកិច្ចបានទាក់ទងជំនាញកោសល្យវិច័យចុះមកពិនិត្យសាកសពកន្លែងកើតហេតុ ។ ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យច័យរួចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ