ខេត្តកំពង់ស្ពឺៈ យ៉ាងហោចណាស់ជនជាតិចិនម្នាក់ បានស្លាប់ និង២នាក់ទៀត រងរបួសត្រូវបានរថយន្តខាងយោធា ដឹកយកទៅសង្រ្គោះបន្ទាប់ពីជួបហេតុការណ៍ក្រឡាប់រថយន្តរួចមក ។
ករណីនេះកើតឡើងដោយសារតែការបើកបរមិនប្រយ័ត្នរបស់តៃកុងតែម្តង នេះបើតាមការប្រាប់ពីសំណាក់សមត្ថកិច្ច ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៩-៩០ ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីនគរបាលចរាចរណ៍ស្រង់សំដីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តឡិចសុីស១គ្រឿង បើកជែង រថយន្តមួយគ្រឿងទៀតហើយក៏ ជ្រុលចង្កូតក្រឡាប់បោកផ្ទប់គល់ឈើតែម្តង ។ ក្នុងហេតុការណ៍នោះបណ្តាលឲ្យជនជាតិចិន៣នាក់ ស្លាប់ និងរងរបួស ។
ប្រភពបន្តថា រថយន្តរងគ្រោះ ម៉ាក Lexus RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4921 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ និងមានអ្នករួមដំណើរជាជនចិន៣នាក់ ក្នុងនោះស្រីម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ។ លុះមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តមិនចាំម៉ាក១គ្រឿង បណ្តាលឲ្យរេចង្កូតទៅបុកគល់ឈើក្រឡាប់ ស្លាប់ជនជាតិចិនម្នាក់ និងរបួសធ្ងន់២នាក់តែម្តង ។ ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និងគាស់សាកសពជនរងគ្រោះចេញពីរថយន្ត រីឯជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ដោយឡែករថយន្ត សមត្ថកិច្ចស្ទួចយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ សេនាស័ក្តិ