ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបងធំអ្នកលេងដាវសាំម៉ូរ៉ៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលឃាត់ខ្លួនក្រុមបងធំអ្នកលេងដាវសាំម៉ូរ៉ៃចំនួន៤នាក់យកមកសាកសួរកាលពីវេលាម៉ោង៩យប់ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ក្រុមអ្នកលេងទាំង៤នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ ម៉ាក់ ឃៀ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ម្ចាស់បន្ទប់ រក្សាអាវុធ ដាវកែច្នៃ២ដើម និង ដំបងទីប ១ដើម ។ ទី២ ឈ្មោះ វន ម៉ាណូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ ទី៣ ឈ្មោះ ខៀវ លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ ទី៤ ឈ្មោះ ម៉ាក់ ឃីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់សាទរ រាល់ការបង្ក្រាបរបស់សមត្ថកិច្ច លើក្រុមបងតូច បងធំ អ្នកលេងប្រចាំភូមិ តែងតែបង្កអុកឡុក បង្កឲ្យភ័យបារម្មណ៍ ពីសុវត្ថិភាព សន្តិសុខ ក្នុងមូលដ្ឋានកន្លងមក ។

ក្រោយពីឃាត់ខ្លួនក្រុមអ្នកលេង ដាវសាំម៉ូរ៉ៃ ទាំង៤នាក់ សមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាន ចាត់ការបន្តតាមនីតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖