ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាទួលទំពូង២នាក់ ឆក់ទូរស័ព្ទដៃ ពីបុរសបរទេសម្នាក់កំពុងជិះម៉ូតូឡាំប្រឺតា មិនបានសម្រេចជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ចោរឆក់វ័យក្មេង២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសបរទេសម្នាក់ ខណៈកំពុងជិះម៉ូតូឡាំប្រឺតា មិនបានសម្រេច ដោយសារអ្នកបើកម៉ូតូឡាំប្រឺតាបានកាច់ចង្កូតទៅកៀរម៉ូតូរបស់ជនសង្ស័យ បណ្ដាលឲ្យដួល ភ្លាមនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាដេញចាប់ពេញថ្នល់បានភ្លាមៗ រួចប្រគល់ឲ្យវាយខ្នោះនាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរតែម្ដង ។

ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវលេខ១៦៣ កែងផ្លូវ៣៣០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ខាងលើនេះ ទី១ឈ្មោះ​ដូចជា ជនសង្ស័យទី១(ជាអ្នកធ្វើសកម្មភាព) ឈ្មោះ ពិសិទ្ធ អាយុ១៧ឆ្នាំ មុខរបរជាសិស្សរៀននៅសាលាទួលទំពូងថ្នាក់ទី១១B និងជនសង្ស័យ​ទី២ (ជាអ្នកបើកម៉ូតូ) ឈ្មោះ ជា សុងហៀង អាយុ១៦ឆ្នាំ មុខរបរជួយលក់ដូរចាប់ហួយ ស្នាក់ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

យោងតាមសម្ដីបុរសជាអ្នករត់ម៉ូតូឡាំប្រឺតា បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ រូបគាត់បានដឹកបុរសជនជាតិចិន ដែលជាភ្ញៀវទៅសណ្ឋាគារ ដោយធ្វើដំណើរពីជើងទៅត្បូង​តាមផ្លូវលេខ១៦៣ លុះមកចំណុចកើតហេតុ​កែងផ្លូវលេខ៣៣០ ស្រាប់តែលេចមុខ​ចោរវ័យក្មេង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ​ 1GX-8079 បានជិះមកអែបពីចំហៀង រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសបរទេសកំពុងនិយាយទូរស័ព្ទ ប៉ុន្តែមិនបានសម្រេចទេ ឃើញដូច្នេះ​គាត់ក៏បានកាច់ចង្កូតម៉ូតូ ទោកៀរម៉ូតូរបស់ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទនោះ បណ្ដាលឲ្យដួល ហើយស្រែក​ឆោឡោថា ចោរៗ បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នារត់មកជួយចាប់ឃាត់បានភ្លាមៗផងដែរ ។ លុះ៥នាទីក្រោយមកសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះភ្លាមនៅកន្លែងកើតហេតុ រួចវាយខ្នោះនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ តែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃរបស់ជនបរទេសនោះពិតប្រាកដមែន តែមិនបានសម្រេច​ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។ ហើយជនសង្ស័យ​ដែលជាអ្នកបើកម៉ូតូ ឈ្មោះ តុង ហៀង អាយុ១៦ឆ្នាំ ក៏បានប្រាប់ឲ្យដឹងថា នេះជាលើកទី​១ហើយ ក្រោយពីរូបគេទៅចាក់បាល់ World CUP តាម Online ហើយចាញ់ច្រើនពេក ទើបរូបគេបបួលគ្នាខ្ចីម៉ូតូមិត្តភក្តិម្នាក់ទៀត បែកគំនិតចេញឆក់​ ដើម្បីបានស្រង់ដើមខ្លះ តែបែរជាមិនបានសម្រេច​ហើយត្រូវប៉ូលិសឃាត់ខ្លួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង​២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍ទួលស្វាយព្រៃទី១ រួចកសាងសុំណំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖