ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តធុនធ្ងន់កាលពីព្រលប់ ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងចូលរោងចក្រថាមពលអគ្គីសនីដើរដោយធ្យូងថ្ម ស្ថិតនៅក្រុម៣ ភូមិ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា រថភ្លើងបើកបរពីទិសដៅព្រះសីហនុ-ភ្នំពេញ មកដល់ចំណុចខាងលើក៏បានបុករថយន្ត ចំផ្នែកខាងក្រោយ ដែលកំពុងបើកកាត់ពីមុខរថភ្លើង បណ្តាលអោយរថយន្តក្រឡាប់ធ្លាក់ចេញពីផ្លូវដែកប្រវែង២០ម៉ែត្រ។
អ្នកបើកបរថយន្តឈ្មោះ លឹម វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនមានរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។
ក្រោយកើតហេតុ រថភ្លើងបានបន្តដំណើរទៅមុខទៀត ហើយករណីនេះសមត្ថកិច្ចក៍បានបន្តដោះស្រាយតាមនីតិវិធី ៕ ឆ្លាម សមុទ្រ