ព័ត៌មានទាន់ហេតុការណ៍៖

ខឹងចិត្តប្រពន្ធរត់ចោល សម្ងំក្នុងបន្ទប់បីថ្ងៃស្រាប់តែចង​.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ជួលខ្លួនឯង ដោយសង្ស័យថា ខូចចិត្តនឹងប្រពន្ធរត់ចោលអស់រយះពេល១ខែ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីព្រឹក​ ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅបន្ទប់ជួលលេខ១៣​ ភូមិព្រៃល្ង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ​ ខណៈប្អូនប្រុសបង្កើតមកតាមរកទៅធ្វើការ ។

ជនរងគ្រោះឈ្មោះ​ ញឹម​ ទៀវ​ ភេទប្រុស អាយុ២៥ឆ្នាំ​ មុខរបកម្មករោងចក្រ​ ស្នាក់នៅកន្លែងកើតហេតុ​ មានស្រុកកំណើតនៅភូមិពងទឹក​ ឃុំគោកពោធិ៍​ ស្រុកបូរីជល់សា​ ខេត្តតាកែវ​ ។

តាមសម្តីបងស្រីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨​ ជាថ្ងៃដែលជនរងគ្រោះផ្លាស់ប្តូរវេនធ្វើការពេលយប់ មិនចូលធ្វើពេលថ្ងៃវិញ​ តែជនរងគ្រោះមិនបានទៅធ្វើការទេ លុះវេលាម៉ោង១១ព្រឹក​ ទើបប្អូនប្រុសជនរងគ្រោះឆ្ងល់មិនឃើញទៅធ្វើការ ក៏មកតាមមើល ដល់បន្ទប់ជួលក៏ឃើញចាក់សោខាងក្រៅគោះទ្វារក៏មិនបើក ទើបឡើងអឺតមើលតាមប្រហោងបង្អូចទើបឃើញចង.ក​ ស្រែកឲ្យអ្នកជិតខាងជួយគាស់ទ្វារ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សាក្សីបានបន្តថា​ ជនរងគ្រោះមានប្រពន្ធដោយមិនបានរៀបការត្រឹមត្រូវនោះទេ ពោលគឺស្រលាញ់គ្នាចិត្ត និងចិត្តរស់នៅជាមួយគ្នារហូតមានកូនស្រីមួយ​អាយុ១ខួប២ខែ ហើយកូនយកទៅយកម្តាយមើលនៅឯស្រុក​ ។ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធមួយគូនេះមិនដែលត្រូវគ្នាទេ គឺឈ្លោះគ្នារហូត​ ហើយភាគីខាងប្រពន្ធ ក៏បានរត់ចោលបាត់ទុកឲ្យប្តីរស់នៅបន្ទប់ជួលម្នាក់ឯងអស់រយះពេលមួយខែទៅហើយ ។

បើតាមអ្នកជិតខាងបានឲ្យដឹងថា​ ជនរងគ្រោះអត់ឃើញចេញពីបន្ទប់រយះពេលបីថ្ងៃមកហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកកោសល្យវិច័យចុះមកពិនិត្យជាក់ស្តែង​ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កពិតប្រាកដមែន ។

ក្រោយមកទើបក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖