ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចេញរបាយការណ៍ស្តីអំពីគ្រោះមហន្តរាយផ្សេងៗ កើតឡើងក្នុងឆមាសទី១ នៃឆ្នាំ២០១៨ បណ្តាលមកពីខ្យល់បក់បោកខ្លាំង, អគ្គិភ័យ, ជំងឺដម្កាត់ និងការពុលអាហារជាដើម ។
ប្រភពបន្តថា ក្នុងឆមាសទី១ ខ្យល់កន្ត្រាក់កើតមានចំនួន១៣៩លើកនៅទូទាំងប្រទេស, ការខូចខាត ៖ ផ្ទះរលំ និងខូចធ្ងន់ធ្ងរ៥៣២ខ្នង, ផ្ទះរបើកដំបូល និងខូចមធ្យម២០២៥ខ្នង, របើកដំបូលសាលារៀន១៨អគារ និងអគារផ្សេងៗ៩អគារ, រលំបាក់អង់តែនទូរស័ព្ទមួយកន្លែង, រលំបាក់ផ្ទាំងប៉ាណូពាណិជ្ជកម្មធំ៣កន្លែង, រលំបាក់បង្គោលខ្សែភ្លើង៤ដើម, លិចទូកអ្នកដំណើរ១ និងទូកអ្នកនេសាទ១ នៅតំបន់សមុទ្រ, ខូចម៉ូតូ៣គ្រឿង និងរថយន្ត១៣គ្រឿង រងគ្រោះស្លាប់៣នាក់ របួស៣១នាក់ ។ គ្រោះថ្នាក់រន្ទះបាញ់ ៖ ស្លាប់៧៤នាក់ (ស្រី១៧) របួស៤៩នាក់, ងាប់គោក្របី ៨០ក្បាល, ខូចផ្ទះ១២ខ្នង និងទីចាត់ការសាលា១ខ្នង ។
របាយការណ៍ដដែលនេះបានឲ្យដឹងទៀតថា ករណីគ្រុនឈាមកើតមានចំនួន២២០៧ករណី និងរងគ្រោះស្លាប់៦នាក់ ។ ក្នុងឆមាសទី១ការខូចខាតដោយគ្រោះអគ្គីភ័យធំៗមាន ៖ ការឆេះតូបផ្សារចំនួន៨០៧តូប, រោងមហោស្រព១កន្លែង, រោងម៉ាស៊ីនកិនស្រូវ១កន្លែង, ឆេះព្រៃ និងព្រៃលិចទឹក៤៩ហិកតា, ចំការស្វាយចន្ទីរ និងអំពៅ ២៤៧ហិកតា ។
សុវត្ថិភាពចំណីអាហារ ៖ ការពុលស្រា និងទឹកកើតមានមួយករណីនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ចាប់ពីថ្ងៃទី៣ដល់៧ ខែឧសភា ដែលក្នុងនេះបណ្តាលឲ្យប្រជាពលរដ្ឋចំនួន១៤នាក់ (ស្រី៨) រងគ្រោះស្លាប់ និងប្រជាពលរដ្ឋ២៩៣នាក់ (ស្រី១៧១ និងកុមារ៥) ត្រូវបានដឹកជញ្ជូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។
ការពុលនេះ ក្រសួងជំនាញអះអាងថាបណ្តាលមកពីការផលិតស្រាក្នុងមូលដ្ឋានមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគីរ មានសារធាតុគីមីដែលបណ្តាលមកពីការហូរចូលតាមទឹកភ្លៀងពីថ្នាំសម្លាប់សត្វល្អិត និងស្មៅដែលប្រជាពលរដ្ឋបានប្រើប្រាស់លើដំណាំ ។
ព្រមជាមួយគ្នានេះផងដែរ ការពុលចំណីអាហារចំនួន៦ករណីផ្សេងទៀតមានដូចជា ៖ ពុលនំអន្សម នំបញ្ចុក នំបុ័ងសម្លការី និងបង្អែម នៅខេត្តក្រចេះ កំពង់ឆ្នាំង កណ្តាល និងខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋរងគ្រោះចំនួន១៤៣នាក់ ដែលទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដោយមិនមានការរងគ្រោះស្លាប់ទេ ៕