ព័ត៌មានទាន់ហេតុការណ៍៖

កាមរីហាយព្រឺកបុកសួនចែកទ្រូងផ្លូវ និងបុកបាក់បង្គោលភ្លើង១ដើម ហើយហោះទៅបុកដើមឈើបាក់២ដើម ឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តបោះពួយយ៉ាងលឿន ហើយបានរេចង្កូតឡើងសួនចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង​ តែសំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីហាយព្រឺក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-6579 ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានបើកបរទិសដៅពីជើទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅឡើងសួន បុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អអ្នកបើកបរ មិនរងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកវាស់វែង​ យករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖