ភ្នំពេញ៖ លោកគ្រូបង្រៀននៅវិទ្យាល័យ ជា ស៊ីម បឹងកេងកងម្នាក់ ត្រូវខ្សែភ្លើងឆក់ដោយសារតែតខ្សែភ្លើងខុសបច្ចេកទេស បណ្តាលអោយឆក់ស្លាប់យ៉ាងអណោចអាធ័មនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចផ្ទះលេខA៦ ផ្លូវខាងសារិន ក្រុម៧ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើមានឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យាល័យ ជា ស៉ីម បឹងកេងកង ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានមករៀបចំប្រព័ន្ធទឹកនៅផ្ទះជួល មួយកន្លែងដែលស្ថិតនៅចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះបានដាក់ម៉ូទ័របូមទឹកបន្ថែមឡើងទៅជាន់ទី១ និងជាន់ទី២ ខណៈពេលនោះជនរងគ្រោះក៏បានយកដៃខាងឆ្វេងទៅកាន់ខ្សែភ្លើងពេលនោះក៏ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ប្រាប់មកសមត្ថកិច្ចមូលដ្ឋាន នៅពេលសមត្ថកិច្ចចុះមកដល់កន្លែង ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ភ្លាមៗនោះ សមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យសាស្រ្ត និងគ្រូពេទ្យតុលាកាពិនិត្យលើសាកសពជនរងគ្រោះខាងលើ ដោយបានបញ្ជាក់ថា ជនរងគ្រោះខាងលើពិតជាបានស្លាប់ដោយសាតែឆក់ខ្សែភ្លើងយ៉ាងពិតប្រាកដមែន ។
ក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់ សម្ថតកិច្ចធ្វើកំណត់ហេតុ និងប្រគល់សាកសពជនរងគ្រោះខាងលើឲ្យទៅក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕