ភ្នំពេញ ៖ បុរសអ្នករត់កង់៣ម្នាក់ អាងបងប្អូនធ្វើមន្ត្រីរាជការ ហៅមកវាយអ្នករត់ម៉ូតូឌុប បែកមាត់ គ្រាន់តែប្រកែកពាក្យសម្តីគ្នារឿងចតម៉ូតូមុខរ៉ឺម៉កកង់៣ ។
ហេតុការណ៍វាយតបគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
នៅមុនពេលកើតហេតុ បុរសអ្នករត់ម៉ូតូឌុប និងបុរសអ្នករត់រ៉ឺម៉កកង៣ បានប្រកែកគ្នាតឹងសរសៃករឿងចតម៉ូតូមុខរ៉ឺម៉កកង់៣ មួយសន្ទុះក្រោយមក បុរសអ្នករត់កង់៣ បានតេហៅបងប្រុស ជិះរថយន្តមកវាយបុរសអ្នករត់ម៉ូតូឌុបបណ្តាលឲ្យបែកមាត់ ដោយអ្នករត់ម៉ូតូឌុបគាត់គ្មាននរណាអាងទេ គឺគាត់អាងច្បាប់ដូច្នេះ ទើបគាត់ជិះម៉ូតូមកប្តឹងប៉ូលិសប៉ុស្តិ៍ដង្កោឲ្យជួយអន្តរាគមន៍ ។
ក្រោយពេលកម្លាំងនគរបាលប៉ុស្តិ៍ដង្កោទទួលបានព័ត៍មានថា មានអំពើរហិង្សាបានកើតឡើងក៏បាននាំជនរងគ្រោះទៅដល់ផ្ទះបុរសជើងខ្លាំងខាងលើ ហើយនៅចំពោះមុខសមត្ថកិច្ចបុរសអ្នករត់កង់៣ខាងលើបានបោះពាក្យសម្តីមកលើអ្នករត់ម៉ូតូឌុបថា អញវាយហែងមួយដៃបង់ប៉ុន្មានលុយ ។
ទីបំផុតសមត្ថកិច្ចក៏បាននាំខ្លួនជនទាំង២នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោធ្វើកិច្ចសន្យាអប់រំដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ