ភ្នំពេញ៖ យុវជនពីរនាក់ត្រូវក្រុមជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូស៊ុយសុីគីឡែតមួយគ្រឿងបានសម្រេចរួចគេចខ្លួនដោយសុវត្ថភាព ខណៈពួកគេទើបតែចេញពីធ្វើការបម្រុងជិះត្រឡប់ទៅផ្ទះវិញ ។
អំពើវាយប្លន់នេះបានកើតឡើងកាលពី ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៥០នាទីយប់ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធន: តូតាល់ ក្បែរសួនកំសាន្តចំការព្រីញ តាមបណ្តោយផ្លូវ២០១១ ស្ថិតសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនរងគ្រោះមានឈ្មោះ កាន តុលា ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំវត្តតាំងក្រសាំង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ(ម្ចាស់ម៉ូតូ) និងម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ ហិន រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ រោងចក្រ ស្នាក់នៅជាមួយគ្នា ។
ប្រភពបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបជនរងគ្រោះទាំង២នាក់ ទើបតែចេញពីកន្លែងធ្វើការនៅម្តុំរង្វង់មូលចោមចៅហើយបំណងត្រឡប់ទៅបន្ទប់ជួលវិញនៅម្តុំវត្តតាំងក្រសាំង ដោយបើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីឡែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ 1P-4836 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតហើយក៍បត់ឆ្វេងចេញពីផ្លូវសហព័ន្ធរុស្សីពីត្បូងទៅជើងវិញឆ្ពោះទៅវត្តតាំងក្រសាំងក្នុងល្បឿនលឿន ។
លុះមកដល់ខាងមុខអាកាសយន្តដ្ឋានភ្នំពេញអន្តរជាតិពោធិ៍ចិនតុង ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខ ជិះមកពីក្រោយហើយបានស្រែកដាក់ជនរងគ្រោះថា ពួកហែងជិះម៉ូតូឈ្លើយម្ល៉េះ ថែមទាំងដកខ្សែក្រវាត់វាយទៅលើជនរងគ្រោះទាំង២នាក់ថែមទៀតផង ។ ភ្លាមៗនោះដោយជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏បានជិះម៉ូតូរត់គេចខ្លួនទៅខាងមុខទៀតទាំងហួសផ្លូវចូលបន្ទប់ជួលរបស់ពួកគេ ។
ប្រភពបន្តទៀតថាហើយពេលនោះក្រុមជនសង្ស័យក៏បន្តជិះដេញតាមវាយជនរងគ្រោះទាំង២នាក់ខាងលើ រហូតទៅដល់ចំណុចកើតហេតុដោយជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏ចាប់ហ្វ្រាំងម៉ូតូបណ្តាលឲ្យដួល រួចជនរងគ្រោះទាំង២នាក់រត់ចោលម៉ូតូយករួចខ្លួន ។ ភ្លាមនោះដោយក្រុមជនសង្ស័យឃើញជនរងគ្រោះរត់ចោលម៉ូតូ ឆ្លៀតឱកាសល្អក៏រត់ទៅលើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនទៅបាត់ស្រមោលដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែកាន់កាត់គ្រីម៉ូតូ ដែលត្រូវក្រុមចោរប្លន់យកទៅខាងលើ ទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដោយក្តីសោកស្តាយតែប៉ុណ្ណោះ ។
សូមរំលឹកថាករណីវាយប្លន់យកម៉ូតូលើកទី២ ដែលកើតឡើងនៅថ្ងៃតែមួយនៅក្នុងទឹកដីខណ្ឌសែនសុខ ដោយកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទីរំលងអធ្រាត្រ ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងសង្កាត់ទឹកថ្លា ដែលជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូស៊ុយសុីគីឡែតមួយគ្រឿងពីយុវជនប្រុសស្រីបីនាក់ ដែលទើបតែជិះចេញពីក្លឹប តែមិនបានសម្រេចនោះទេ តែបង្កឲ្យរងគ្រោះម្នាក់រងរបួសបែកក្បាល និងពីរអ្នករងរបួសស្រាល ៕ តុង សីហា