ខេត្តព្រះសីហនុ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តដឹកខ្សាច់ចង្កូតស្តាំមួយគ្រឿង ពាក់ស្លាកលេខ PP-1322 បានបើកបុករនាំងទ្រូងផ្លូវ រួចក៏ក្រឡាប់នៅផ្លូវចំណោត ធ្វើឲ្យស្ទះចរាចរណ៍ជាងមួយម៉ោង និងបង្កភ្ញាក់ផ្អើលទាំងព្រឹក ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃ អង្គារ ១២ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
តាមសម្តីនគរបាលចរាចរក្រុងព្រះសីហនុ ដែលចុះទៅធ្វើអន្តរាគមន៍ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា អ្នកបើកបររថយន្តបង្ក មិនទាន់ស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ក្រុងព្រះសីហនុ ហើយក៏មិនទាន់ដឹងពីមូលដែលនាំឲ្យរថយន្តនេះក្រឡាប់ដោយសាររឿងអីដែរ ក្រៅពីសង្ស័យថា រថយន្តបើកចុះចំណោតក្នុងល្បឿនលឿន ហើយអ្នកបើកបរចាប់ហ្រ្វាំងទាំងបង្ខំគួបផ្សំផ្លូវរអឹលពេលមានភ្លៀងធ្លាក់ផងនោះ ទើបរថយន្តក្រឡាប់ទាំងកំរោលយ៉ាងនេះ ៕ សហការី