ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញគេចពន្ធនាំចូលពីប្រទេសថៃ តាមច្រកតំបន់បឹងត្រកួននៅតែមានកាលាក់បាំងពីស្ថាប័នគយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទំនិញគ្រប់ប្រភេទរាប់ទាំងសត្វពាហន:ផងនោះ ដែលក្រុមឈ្មួញនាំពីប្រទេសថៃំចូលមកកម្ពុជាតាមច្រកតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យ មានការសង្ស័យលាក់បាំងមុខទំនិញបង់ពន្ធចូលរដ្ឌមិនគ្រប់ព្រោះកន្លងមកមន្ត្រីគយ ដែលគ្រប់គ្រងដោយលោក ញឹក ប៊ុនលេខ ប្រធានស្នាក់ការច្រកបឹងត្រកួន ជាមួយឈ្មួញជ្រូកឈ្មោះ សុខ លាង អាយុជាង ៣០ឆ្នាំតំណាងក្រុមហ៊ុនអង្គរ សុខ សារឹទ្ធ នាំជ្រូកចូលពីប្រទេសជិតខាងនោះបានលាក់បាំងចំនួនជ្រូកដោយមានការឆ្លើយចំនួនខុសគ្នា ។

ស្ត្រីរូបនេះ បានអះអាងថា គាត់ជាតំណាងក្រុមហ៊ុនអង្គរ សុខ សារឹទ្ធ នាំជ្រូកចូលពីប្រទេសជិតខាង ក្រុមហ៊ុនគាត់នាំចូលជ្រូក មានចំនួន២៥០ក្បាលក្នុងមួយថ្ងៃ ដោយនាំយកទៅចែកចាយ នៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ។

អ្វី ដែលមិនគួរឲ្យជឿនោះគឺ ជ្រូកក្នុងមួយរថយន្តមានចំនួនចាប់120ក្បាល ហើយក្នុងមួយថ្ងៃ នាំចូលពី៤គ្រឿង ឡើងទៅ ។ ដោយឡែកលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកតំបន់បឹងត្រកួន ប្រាប់កន្លងមកផ្ទុយពីម្ចាស់ជ្រូក ដែលនាំចូលទៅវិញ ។

ប្រជាពលរដ្ឋចោទប្រកាន់ថា បានស៊ុមគ្រលំគ្នាគៃបន្លំប្រាក់ពន្ធចំណូលរដ្ឋក្នុងការបិទបាំងតួលេខ នៃការនាំចូលជ្រូកពីប្រទេសថៃរាប់រយក្បាលក្នុងមួយថ្ងៃៗ ។

ជាករណីនាំចូលមិនប្រក្រតី ដែលរថយន្តធុនធំរបស់ថៃ បានដឹកជ្រូកចូលមកកម្ពុជាលក់ឲ្យឈ្មួញខ្មែរ នៅទីតាំងមួយកន្លែងនៅក្បែររង្វង់មូល ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃចំពោះមន្ត្រីជំនាញស្ថាប័នគយ បានឃុបឃិតគ្នាបន្លំប្រាក់ពន្ធ យកលុយលម្អៀងពីការបន្លំពន្ធនោះ ចែកគ្នាដាក់ហោប៉ៅ ដោយមិនអើពើចំពោះការខិតខំប្រឹងប្រែងរបស់សាមីក្រសួង និងប្រមុខរាជរដ្ឋាភិបាលក្នុងការប្រមូលពន្ធអាករដើម្បីជាប្រយោជន៍អភិវឌ្ឍន៍សង្គមជាតិនោះឡើយ ។

បញ្ហាខាងលើនេះលោកញឹក ប៊ុនលេខ ប្រធានស្នាក់ការច្រកតំបន់បឹងត្រកួនមិន អាចសំុការបកស្រាយបានឡើយ ព្រោះទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល ៕ វណ្ណា


ចែករំលែក៖