ខេត្តតាកែវ ៖ ក្រុមកម្មករកម្មការិនីនៅក្នុងរោងចក្រដេរស្បែកជើងយីហោ ស្ត្រង ហែលធ៍ ស្ថិតក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវបាននាំគ្នាចោទលោក ម៉ឹង វិរិយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តតាកែវថា បានផ្សំគំនិត ជាមួយប្រធានរដ្ឋបាលរោងចក្រ និងសហជីពយកលុយពីពួកគាត់ចាប់ពី៣០ដុល្លារទៅ៣៧០ដុល្លារដើម្បីបានចូលបម្រើការងារនៅក្នុងរោងចក្រមួយនេះ ។
សេចក្ដីរាយការណ៍ពីក្រុមកម្មករកម្ម ការិនីបានឲ្យដឹងថា ពួកគាត់មុននឹងបាន ចូលធ្វើការនៅក្នុងរោងចក្រខាងលើបាន ចំណាយលុយ៣០ដុល្លារទៅ៣៧០ដុល្លារឲ្យលោក ជា សុវាន់ ដែលតាំងខ្លួនជាប្រធាន សហជីព ហើយលោក ជា សុវាន់ ប្រាប់ថា លោកយកទៅឲ្យប្រធានរដ្ឋបាលបើមិនឲ្យលុយគឺមិនបានចូលធ្វើការនៅក្នុងរោង ចក្រមួយនេះទេ ។
ក្រុមកម្មករបានបន្ថែមថា មនុស្សស្រី នៅក្មេងត្រូវចំណាយប្រាក់៣០ដុល្លារតែបើ រាងចំណាស់ត្រូវចំណាយ៥០ដុល្លារ បើ មនុស្សប្រុសគឺ៣៧០ដុល្លារពេញតែម្ដង ហើយក្នុងរោងចក្រមួយនេះមិនបានគោរពច្បាប់ការងារនោះទេ ពោលគឺមិនឲ្យឈឺមិន ឲ្យសុំច្បាប់បើបំពានច្បាប់របស់គេកម្មករត្រូវចេញដើម្បីរើសអ្នកថ្មីយកលុយទៀត។
ក្រុមកម្មករបានបញ្ជាក់ថា ការយក លុយពីពួកគាត់បើគ្មានភ្លើងខៀវពីលោក ម៉ឹង វិរិយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តតាកែវទេគឺបុគ្គលទាំង២នាក់ខាងលើមិនអាចធ្វើការក្នុងរោងចក្រនេះបានសុខនោះទេ ហើយបើលោក ជា សុវាន់ វិញមានលុយចងការប្រាក់ឲ្យកម្មករកម្មការិនីរាប់ម៉ឺនដុល្លារថែមទៀតផងនៅ ក្នុងរោងចក្រមិនដែលឃើញលោកប្រធានមន្ទីររូបនេះចុះទៅត្រួតពិនិត្យនោះទេ ។
ជុំវិញករណីខាងលើលោក ភួន ឈីម អភិបាលស្រុកបាទីបានឲ្យដឹងតាមទូរស័ព្ទថា ទង្វើបែបនេះជាអំពើខុសច្បាប់តែលោក មិនដែលទទួលបានព័ត៌មានទាំងអស់នេះនោះទេ ។
ចំណែកលោក ម៉ឹង វិរិយ៉ា ប្រធានមន្ទីរ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តាកែវបានថ្លែងប្រាប់យ៉ាងខ្លីថា លោកជាប់ ប្រជុំ ៕ ហេង នរិន្ទ្រ