ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងស្រវឹងស្រាជិះម៉ូតូបុកក្មេងដើរឆ្លងផ្លូវរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានជិះម៉ូតូបុកក្មេងប្រុសដើរឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃអង្គារ ១៣រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវលេខ314D ស្ថិតនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ក្មេងរងគ្រោះមានឈ្មោះ ធី បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង (រងរបួសធ្ងន់) បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ314D (តាមចិញ្ចើមផ្លូវ) ត្រូវម៉ូតូបុកពេញទំហឹង ។

សាក្សីថា ម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1U-6579 បើកបរដោយឈ្មោះ សូ សាវ៉េត ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ ជាងសំណង់ រស់នៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង (ពាក់មួកសុវត្ថិភាព) ទាំងស្រវឹងស្រាជោកជាំ បើកម៉ូតូរេពេញផ្លូវ ក៏បានបុកពីក្រោយកុមារា ធី បញ្ញា ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសជើងខាងឆ្វេង និងចិញ្ចើមខាងស្ដាំ ។

សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យកន្លែងកើតហេតុ ហៅរថយន្តសាម៉ុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ហើយអ្នកបើកម៉ូតូ បង្កក៏រងរបួសសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដូចគ្នា ។

ម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលប្រសូតិ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕ យឹម សុថាន


ចែករំលែក៖