ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់បានខាំអណ្តាតប្រុងសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ននៃស្នងការដ្ឋាននគរបាលខេត្ត ហើយត្រូវបានត្រូវសមត្ថកិច្ចនាំខ្លួនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីរូបគេត្រូវនគរបាលឃាត់ខ្លួនពីបទចាប់រំលោភ សេពសន្ថវៈលើស្រ្តីម្នាក់។
ការឃាត់ខ្លួនជនសង្ស័យរូបនេះបានប្រព្រឹត្តទៅកាលពីម៉ោង១០ព្រឹក ថ្ងៃ អង្គារ ១៣ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ តាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ដែលចោទថា បុរសនេះបានចាប់នាងរំលោភនាង កាលពីរសៀលថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៨ នៅអាស្រមភ្នំយោង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា បុរសជាជនសង្ស័យខាងលើនេះ ឈ្មោះ ហាក់ មាន អាយុ៥៨ឆ្នាំ ពុំមានទីលំនៅពិតប្រាកដទេ ស្នាក់នៅតាមចិញ្ចើមផ្លូវ នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងជាមុខសញ្ញាចោរលួច ទើបតែចេញពីពន្ធនាគារ២ ទៅ៣ខែមុននេះ និងធ្លាប់ជាប់ពន្ធនាគារ៣ដងហើយ ។
ប្រភពដដែលបន្តថា កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មានស្ត្រីម្នាក់ អាយុ៤២ឆ្នាំ នៅសង្កាត់ខ្សាម បានមកប្តឹងសមត្ថកិច្ចថា ជនសង្ស័យរូបនេះ គឺជាមនុស្សស្គាល់គ្នា ហើយក្រោយពីផឹកស្រាជាមួយគ្នារួច បានបបួលគាត់(ស្រ្តីរងគ្រោះ)ជិះម៉ូតូថាទៅយកលុយពីកូននៅទួលក្រាំងយកមកចាយ ។ ពេលនោះ ដោយសារស្គាល់គ្នាគាត់ ក៏ឡើងជិះម៉ូតូជាមួយជននោះចេញទៅ តែមិនទៅទួលក្រាំងទេ បែរជាជិះទៅអាស្រមភ្នំយោងវិញ។ លុះពេលគាត់សួរថា មេ៉ចក៏មកភ្នំយោងវិញ បុរសនោះប្រាប់ថា ទៅបត់ជើងសិន ។
ស្រ្តីរងគ្រោះបានឲ្យដឹងទៀតថា នៅពេលទៅដល់ទៅអាស្រមភ្នំយោងក៏ឈប់នៅក្បែរគុម្ពោតព្រៃមួយ ហើយរូបគាត់ក៏ចុះពីម៉ូតូប្រុងរត់ចេញដែរ តែត្រូវបុរសនោះចាប់រំលោភរហូតបានសម្រេចតែម្តង ។ បន្ទាប់ពីរំលោភរួច បុរសនោះបានឡើងជិះម៉ូតូទៅចោលគាត់បាត់ទៀត ទើបគាត់ដើរមកផ្ទះវិញ ប្រាប់បងប្អូន និងទៅប្តឹងសមត្ថកិច្ចតែម្តង ។ លុះព្រឹកឡើង សមត្ថកិច្ចក៏បានតាមចាប់ខ្លួនជនជាប់ចោទមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង តែជនជាប់ចោទមិនបានឆ្លើយសារភាពទេ ដោយប្រកែកថា ស្ត្រីរូបនោះបានសុំលុយគាត់៥ពាន់រៀល ពេលគាត់មិនឱ្យក៏ប្តឹងថា គាត់ចាប់រំលោភទៅ ។
ក្រោយពីការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី សមត្ថកិច្ចក៏បានយកជនជាប់ចោទទៅឃុំខ្លួនបណ្តោះអាសន្ន ស្រាប់តែជននេះហាក់ដូចជាតូចចិត្តខ្លួនឯងក៏ ខាំអញ្ចាញធ្មេញរបស់ខ្លួន រហូតចេញឈាម ។ ពេលឃើញដូច្នេះ សមត្ថកិច្ចគិតថា ប្រហែលជាគេខាំអណ្តាតសម្លាប់ខ្លួន ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ តែគ្រូពេទ្យប្រាប់ថា ជនសង្ស័យនៅមានសុខភាពធម្មតា មិនមានបញ្ហាអ្វីឡើយទើបសមត្ថកិច្ចបន្តឃុំខ្លួនតាមនិតិវិធីតែម្តងទៅ ៕ សហការី