ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលឡើងមួយឈុលធំនៅផ្ទះសំណាក់ជនជាតិចិនយីហោ យូជែ ត្រង់ចំណុចជាប់នឹងចំណតរថយន្តក្រុង អតីតមហោស្របចាស់ស្ថិតក្នុង ភូមិ០២ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារតែ ឆ្លងចរន្តអគ្គិសនី ពីឧបករណ៍ធ្វើសក់ប្រើប្រាស់រួចដោតភ្លើងទុកចោលនៅលើពូក បង្កជាអណ្តាតភ្លើងឆាបឆេះសម្ភារនៅក្នុងបន្ទប់ក្នុងជាន់ទី០៣ ធ្វើឲ្យជនជាតិចិននៅក្នុងផ្ទះសំណាក់ខាងលើផ្អើលរត់ជាន់ជើងគ្នាទាំងមេឃកំពុងតែមានធ្លាក់ភ្លៀង។
សមត្ថកិច្ចនគរបាលការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការរដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ជនជាតិចិនយីហោខាងលើ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថានៅហេតុការណ៍ខាងលើនេះមិនបង្កឲ្យមានគ្រោះថ្នាក់ រងរបួសឬបាត់បង់អាយុជីវិតមនុស្សទេ។ នៅពេលកើតហេតុបានរថយន្តបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការ រដ្ឋាននគរបាលខេត្តព្រះសីហនុជួយអន្តរាគមន៍ក្នុងការបាញ់ទឹកពន្លត់ភ្លើងដែលកំពុងតែឆាបឆេះបានទាន់ពេលវេលាដោយប្រើប្រាស៉ទឹកអស់តែ០២រថយន្តប៉ុណ្ណោះ ៕ ឆ្លាម សមុទ្រ