ខេត្តបាត់ដំបង៖ សហគមន៍ខ្មែរឥស្លាម ត្រូវបានគេដឹងថា គឺជាអ្នកដែលតែងតែគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ហើយសំឡេង ឆ្នោតរបស់ពួកគាត់ដែលបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជាមួយនេះ រៀងរាល់អាណត្តិ គឺមានកម្រិតខ្ពស់ ពីជាង៧០%ទៅជាង៨០ % ហើយក៏មាន តំបន់មួយចំនួនបានគាំទ្រដល់ទៅជាង៩០% និងអាចឈានដល់ទៅ១០០% តែម្តង។
លោក អូស្មាន ហាស្សាន់ បានរំលឹកនិង ផ្តល់កម្លាំងចិត្តដល់សហគមន៍ខ្មែរឥស្លាម ឱ្យបងប្អូនត្រូវតែរួបរួមគ្នារក្សាកម្លាំងចាស់ ហើយមានការ ប្រកួតប្រជែងជាមួយសហគមន៍ខ្មែរឥស្លាម អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅបណ្តាខេត្តផ្សេងៗ ធ្វើយ៉ាងណាព្យាយាម ពន្យល់អ្នកឯទៀតក្នុងមូលដ្ឋានរបស់ខ្លួន ដែលមិនទាន់បានយល់ រឺអាកអន់ចិត្តដោយសារតែមន្រ្តីថ្នាក់ក្រោមខ្លះផ្តល់ភាពកង្វល់ដល់គាត់ ដោយត្រឡប់មករួមរស់ជាមួយម្លប់តែមួយរបស់គណបក្សប្រជាជនកម្ពុជាវិញ។
ការអំពាវនាវនេះ ធ្វើឡើង នៅព្រឹកថ្ងៃសៅរ៏ ២កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៤ កក្កដា ២០១៨ ក្នុងជំនួបសំណេះសំណាលជាមួយសមាជិកគណៈចលនាខេត្តបាត់ដំបង សកម្មជន និងតំណាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង៥០០០នាក់ ដែលធ្វើឡើងនៅភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ម៉ាន មូសា តំណាងសហគមន៍ខ្មែរឥស្លាមខេត្តបាត់ដំបង បានលើកឡើងថា៖ ព្រោះកត្តាចម្បងដែលពួកគាត់គាំទ្រគណបក្សប្រជាជនដោយមិនងាករេ ព្រោះពួកគាត់ចង់បានការរួមរស់ដោយសុខដមបនីយកម្មនិង ការផ្តល់ភាពកក់ក្តៅ ផ្តល់សិទ្ធិសេរីភាពស្មើគ្នា ពីសំណាក់ប្រមុខរាជរាជរដ្ឋាភិបាលដែលមានសាសនាព្រះពុទ្ធជាសាសនារបស់របស់រដ្ឋ។ ក្រៅពីកត្តារួមរស់ដោយសុខដមបនីយកម្ម លោក ម៉ាន មូសា បានបញ្ជាក់ថា ក្រោមស្នាដៃកសាងជាតិមាតុភូមិដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអោយមានការអភិវឌ្ឍន៍គ្រប់វិស័យ ហើយកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ជាសមិទ្ធផលដ៏វិសេាវិសាល ក្នុងការទទួលបានការគាំទ្រដោយឥតងាករេពីសហគមន៍របស់ពួកគាត់។
លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា សម្តែងសុទិដ្ឋិនិយមលទ្ធផលជាវិជ្ជមាន ដែលជនរួមជាតិភាគច្រើន និយាយដោយរួម ក៏ដូចជាសហគមន៍ខ្មែរឥស្លាមនិយាយដោយឡែកដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការជ្រើសរើសគណបក្ស ប្រជា ជនកម្ពុជា ព្រមទាំងបានផ្តល់ទំនុកចិត្ត ជូនថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជា ដឹកនាំនាវាសន្តិភាពមួយនេះ ដែលជាការរួមសុខ រួមទុក្ខដើម្បីជាតិយើងតែមួយ ៕ សំរិត