ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យហៅការព្រមានដកខ្លួនពីការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាការបញ្ចេញមតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានអះអាងថា ការព្រមានដក ខ្លួនរបស់គណបក្សប្រជាធិបតេយ្យមូល ដ្ឋាន (គ.ប.ម.) ចេញពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រនីតិកាលទី៦នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ គ្រាន់តែជា ការបញ្ចេញមតិប៉ុណ្ណោះ ។

អ្នកនាំពាក្យលើកឡើងបែបនេះបន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានព្រមានដកខ្លួនចេញពីការបោះឆ្នោតនាពេលខាងមុខដោយគណបក្សរបស់ខ្លួនជួបប្រទះបញ្ហាប្រឈមមួយចំនួនក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតគឺអាជ្ញាធរមិនជួយសម្របសម្រួលក្បួនឃោសនាកាលពីថ្ងៃទី ១០ ខែកក្កដា នៅរាជធានីភ្នំពេញនិងមានការគំរាមកំហែងដល់សកម្មជនដែលចែកខិត្តប័ណ្ណគណបក្សនៅខេត្តបាត់ដំបង និង នៅខេត្តមណ្ឌលគិរី ។

លោក ហង្ស ពុទ្ធា ថ្លែងថា “នោះជាការបញ្ចេញមតិរបស់គណបក្សនោះឯង ហើយ ការដកមិនដកមិនមែនមានអ្នកណាមួយសម្រេចចិត្តជំនួសទេ ប៉ុន្ដែអ្វីដែលជាចំណាប់អារម្មណ៍នោះខ្ញុំគិតថា គណបក្សប្រជាធិប តេយ្យមូលដ្ឋានគួរតែមានកិច្ចសហការ ប្រតិបត្តិការជាមួយនឹងអាជ្ញាធរ ព្រមទាំង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំ-សង្កាត់” ។

លោកបានបន្ដថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវស្នើសុំជួបពិភាក្សាជា មួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំ-សង្កាត់ឲ្យបានច្បាស់លាស់នូវអ្វីដែលកើតឡើង។ ទង្វើរបស់អាជ្ញាធរនិង ទង្វើរបស់គណបក្សនយោបាយនីមួយៗ ពេលខ្លះធ្វើស្របតាមច្បាប់ក៏ប៉ុន្ដែក៏មាន ចំណុចខ្លះនៃការធ្វើនោះខុសទៅនឹងច្បាប់ទៅវិញដែរ ។

លោក សាម អុីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានបានអះអាងថា អាជ្ញាធរមូលដ្ឋាននៅតាមបណ្ដាខេត្តមួយចំនួនមិនបានសហការជាមួយគណបក្ស នោះទេ ប៉ុន្តែក្រោយមកក៏មានកិច្ចសហការ ជាមួយបក្សវិញ។ ប៉ុន្តែទោះបីជាយ៉ាងណា ប្រសិនបើអាជ្ញាធរតាមមូលដ្ឋានមិនបន្ដ សហការជាមួយគណបក្សនោះទេគឺគណបក្សនឹងដកខ្លួនចេញពីការបោះឆ្នោត ។

លោកបានបន្តថា “បញ្ហាប្រឈមបែបហ្នឹងមានសភាពធ្ងន់ធ្ងរខ្លាំងយើងនឹង ពិចារណាក្នុងការដកខ្លួនចេញ។ ប៉ុន្ដែរហូត មកដល់ពេលនេះយើងឃើញថា មានការ ផ្ដល់កិច្ចសហការល្អដូចហែនៅភ្នំពេញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គាត់ក៏បានសុំទោសជារឿងចៃដន្យ ហើយ គាត់ក៏បានផ្ដល់កិច្ចសហការល្អ” ។

លោកបានបញ្ជាក់ថា គណបក្សប្រជា ធិបតេយ្យមូលដ្ឋាននឹងបន្ដតាមដានបញ្ហាទាំងនេះដោយយកចិត្តទុកដាក់ ដូច្នេះបក្សនឹងព្យាយាមពិភាក្សាគ្នាជាមួយគណៈកម្មការបោះឆ្នោតរាជធានី-ខេត្តដើម្បីឲ្យជួយដោះស្រាយនៅពេលឃោសនាបោះឆ្នោត ដើម្បីងាយស្រួលឲ្យគ្នាទៅវិញទៅមក ។

សូមរំលឹកថា ការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ហើយគិតមកត្រឹម ថ្ងៃទី១៦ ខែកក្កដា មានរយៈពេល១០ថ្ងៃ ហើយ។ ក្នុងនោះគណបក្សនយោបាយ ចូលរួម២០គណបក្សហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានលេខរៀងទី៧ ៕ ហេង សូរិយា


ចែករំលែក៖